(Khmer) ការទន្ទឹងរង់ចាំ! ពេលនេះបានបញ្ចប់ហើយទីបំផុតកម្ពុជាបានរកឃើញអ្នកជំនួសគ្រូបង្វឹក Honda គឺអតីតគ្រូបង្វឹក និងសញ្ជាតិអាហ្សង់ទីនលោក Felix Dalmas ។
ការប្រកាសដែលធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅជាន់ទី ៣៦ នៃអគារវឌ្ឍនៈ កាលពីម្សិលមិញ ដែលគួរឲ្យចាប់អារម្មណ៍នោះ រួមមានការប្រកាសគ្រូបង្វឹក ក៏ដូចជាការសួរដេញដោលចំពោះភាគីពាក់ព័ន្ធ និងសមាជិកសារព័ត៌មាន។ ក្នុងនោះដែរលោក Felix Dalmas បានថ្លែងថា៖
«ខ្ញុំពិតជារីករាយដែលបានត្រឡប់មកវិញ។ ខ្ញុំពិតជានឹករលឹកប្រទេសកម្ពុជាជាខ្លាំង។ ខ្ញុំចង់អរគុណដល់លោកអគ្គលេខាធិការ ជាពិសេសប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក សៅ សុខា និងអ្នករាល់គ្នាដែលបានជឿទុកចិត្តខ្ញុំ»។
«វាពិតជាល្អមែនទែនដែលលីគមានការរីកចម្រើនជាងមុន គ្រូបង្វឹកចាស់ថ្មីបាននាំមកនូវបទពិសោធន៍ល្អ និងភាពជាកីឡាករអាជីពជូនដល់កីឡាករ។ ខ្ញុំបានឃើញកីឡាករថ្មីៗជាច្រើន ចំណែកកីឡាករចាស់ៗដែលយើងមានពីមុនក៏រីកចម្រើនជាងមុន។ វាពិតជារំភើបដែលឃើញនូវអ្វីៗទាំងអស់នេះ»។
«យើងចង់បន្តធ្វើការងារឱ្យបានល្អដូចអ្វីដែលយើងបានកាលពីមុន។ យើងចង់បង្កើតក្រុមមួយដែលតំណាងឱ្យអ្នកទាំងអស់គ្នា ជាក្រុមដែលនាំមកនូវមោទនកភាព និងនាំភាពរីករាយពេលដែលមើលយើងប្រកួត។ អ្វីដែលខ្ញុំបានរៀនសូត្រពីអតីតកាលគឺថាគ្មាននរណាម្នាក់អាចធ្វើបានដោយម្នាក់ឯងនោះទេ យើងត្រូវការចូលរួមទាំងអស់គ្នា»។
លោកបានបង្ហាញមូលហេតុចាកចេញពីប្រទេសកម្ពុជាកាលពីឆ្នាំ២០២០ថា៖« តាមពិតទៅ! ខ្ញុំមិនចង់ចាកចេញពីប្រទេសកម្ពុជានោះទេ។ ប៉ុន្តែដោយសារស្ថានភាពគ្រួសារ ក៏ដូចជាស្ថានភាពក្នុងសម័យកូវីដ ដូច្នេះវាបានបង្ខំឱ្យខ្ញុំត្រូវចាកចេញពីកិច្ចការដែលត្រូវធ្វើជាមួយលោក Honda»។
Felix Dalmas ចុះកុងត្រាដឹកនាំជម្រើសជាតិកម្ពុជារយៈពេល៤ឆ្នាំហើយ ក្រោយព្រឹត្តិការណ៍ស៊ីហ្គេមបញ្ចប់លោកនឹងរ៉ាប់រងការងារជម្រើសជាតិ ក្នុងពានរង្វាន់នានាដូចជា វគ្គជម្រុះ World Cup 2026, AFC Asian Cup និងការប្រកួតជាច្រើនទៀត៕