ads
ads
(Khmer) EXCLUSIVE: ភ្នំពេញក្រោនត្រៀម​ខ្លួនបាន​កម្រិតណាហើយ សម្រាប់រដូវ​កាល​ថ្មី និង​ AFC Cup 2022?
10-January-2022

(Khmer) អ្នក​ចាត់​ការ​ទូទៅ​របស់​ក្លិប​ភ្នំពេញ​ក្រោន លោក កែវ សុខង៉ន​បានផ្ដល់បទសម្ភាសន៍​ផ្ដាច់​មុខ​ដល់គេហទំព័រ B8 Sport កាល​ពី​ថ្ងៃ​ ទី​ ០៩ ​ខែ ​មករា ឆ្នាំ ២០២២ អំពី​ស្ថានភាពនៃ​ការ​រៀប​ចំ​ក្រុម​ ត្រៀម​សម្រាប់​រដូវ​កាល​ថ្មីនៃ​ពាន​រង្វាន់ Cambodian Premier League 2022 ពានរង្វាន់ AFC Cup 2022 និង​ស្ថានភាព​នៃ​ការ​ទិញដូចកីឡាកររដូវ​កាលថ្មី​នេះ។

-B8 Sport: ទាក់​ទងនឹង​ការ​រៀបចំក្រុមសម្រាប់រដូវកាលថ្មីនេះ​ក៏​ដូចជា AFC Cup 2020 ភ្នំពេញក្រោនឈាន​ដល់​កម្រិតណាហើយបង?

-លោក កែវ សុខង៉ន៖ «សម្រាប់ AFC Cup 2022  ភ្នំពេញក្រោនចាប់​ផ្ដើមហ្វឹកហាត់ប្រមូលផ្ដុំ និង​ចូល​រួមហ្វឹកហាត់​ជាមួយគ្រូឡើង​វិញនៅ​ខែ​១​នេះ ខ្ញុំឃើញ​ថា ទាំងគ្រូ ទាំងថ្នាក់ដឹកនាំ ទាំងប្រធាន និង​កីឡាករដូចគ្នា មាន​ស្មារតីតាំងចិត្ត ហើយ​ការ​រៀប​ចំ​របស់​យើងរដូវ​កាល​ថ្មី​នេះ យើងផ្ដោត​ទៅ​លើ​បី​ដែល​សំខាន់គឺ​ពាន Cambodian Premier League, ពានរង្វាន់សម្ដេចតេជោ ហើយ​និងពិសេសជាងនេះ គឺពានរង្វាន់អន្តរជាតិ AFC Cup។ យើង​ដឹង​ហើយ​! មាន​បណ្ដាប្រទេសប្រកួតប្រជែងច្រើន​មែន​ទែន។»

«ការ​រៀប​ចំសម្រាប់ AFC Cup នេះ​គឺ​យើងដាក់​គោលដៅ​មុះមុត​ថា នឹង​ព្យាយាមឱ្យ​អស់​ពី​សមត្ថភាព ដើម្បីបង្ហាញពី​ការតាំងចិត្ត ភាពខ្លាំងក្លារបស់យើង ក្នុងឆាកអន្តរជាតិផង​ដែរ ។ យើង​បាន​បន្ថែមរចនាសម្ព័ន្ធថ្មីមួយចំនួន ដូចជាកីឡាករថ្មី ហើយ​ក្នុងពេលឆាប់ៗខាងមុខ​នេះ​យើងបង្ហាញកីឡាករថ្មីៗ ដើម្បីបង្ហាញពី​សក្ដានុពលរបស់​យើងលើឆាកអន្តរជាតិ“។»

-B8 Sport: ទាក់ទងទៅ​នឹង​កីឡាករបរទេស​នាំចូល សម្រាប់​រដូវ​កាល​ថ្មី​ ក្រោន​មាន​ចាប់​អារម្មណ៍​កីឡាករណាខ្លះហើយ? សញ្ជាតិមួយណា ហើយដំណើរការ​កុងត្រាដល់​ណាហើយ?

-លោក កែវ សុខង៉ន៖ «សម្រាប់​រដូវ​កាល​ថ្មី​នេះ ក្រុមខ្ញុ់ំផ្ទាល់ភ្នំពេញ​ក្រោន យើង​កំពុងតែ​ចែចូវកីឡាករក្រៅ​ស្រុក។ ដូចបងដឹងស្រាប់​ហើយ! យើង​ពិបាក​មែន​ទែនដោយសារបញ្ហាកូវីដ និង​បញ្ហាធ្វើដំណើរគឺរកាំរកូសមែន​ទែន។ យើង​មាន​ទំនាក់ទំនងកីឡាករក្រៅប្រទេស​ដែរ គឺ​ខ្សែប្រយុទ្ធមួយ​ដែលមាន​ភាពរហ័សរហួនមុតស្រួច ហើយ​គាត់​ជាកម្លាំងស្នូលដែលយើងត្រូវការ​ផង​ដែរ។ បច្ចុប្បន្នភាព​នេះ​យើង​កំពុងតែ​ធ្វើការជាគ្រូបង្គោលរបស់​យើង លោក Oleg ប៉ុន្តែ​ស្ថានភាពនេះ ​យើង​តែងតែ​មាន​ទំនាក់ទំនងជាមួយកីឡាករនៅ​ក្រៅ​ស្រុក។ យើង​មាន​ជម្រើស​ច្រើន ប៉ុន្តែ​បញ្ហាហ្នឹង​គឺ​ការ​ធ្វើដំណើរ ហើយ​បណ្ដា​ប្រទេសមួយចំនួន មាន​ការ​ផ្ទុះកូវីដ អញ្ចឹង​ហើយ​វា​ពិបាក​សម្រាប់​យើង​មែន​ទែន។»

-B8 Sport: តើបងអាចបញ្ជាក់មូលហេតុបន្តកុងត្រាឱ្យ​កីឡាករខ្មែរជាច្រើន​ក្នុង​រដូវ​កាល​នេះបានទេ?

-លោក កែវ សុខង៉ន៖« យើង​បន្ត​កុងត្រាថ្មី​ជាមួយកីឡាកររបស់​យើង ព្រោះពួក​គេ​ជាកីឡាករស្នូលរបស់​យើង​ផង​ដែរ។ គាត់​ជាយុវជនរបស់​យើងពី​កន្លង​មក​ដែល​យើងបណ្ដុះបណ្ដាលពួក​គាត់​តាំង​ពីនៅ​វ័យក្មេង ហើយ​ជាការ​ពិត​ណាស់! ពួក​គាត់ដូចជាក្រុមគ្រួសារមួយរបស់​ភ្នំពេញ​ក្រោនទៅ​ហើយ ពីព្រោះអី​! នេះ​ជាការ​គោរព ការ​វិវដ្តរបស់​គាត់​ដែលសាងសមិទ្ធផលឈ្នះជើងឯករដូវ​កាល​មុន ដែល​យើងឈ្នះបាន​៦​ដង ហើយ​ពេល​នេះឡើង​មក​៧​ដង​ច្រើន​ជាង​គេ​សម្រាប់​ពានលីគ»។

«មូលហេតុបន្ថែម​ទៀត​គឺ​យើង​ចង់ឱ្យគាត់​មាន​ភាពកក់ក្ដៅ ដូចជាស្ថានភាពនៅ​ភ្នំពេញ​ក្រោន ក៏​ដូចជាស្ថានភាពគ្រួសារផ្ទាល់ខ្លួន​របស់​គាត់ ដូចជាគ្រួសារ​តែ​មួយ​ទៅ​ហើយ ជាកន្លែងកំណើត​ទៅ​២ ដូចជាផ្ទះទី២របស់​ពួក​គាត់​ទៅ​ហើយ។ នេះ​ឱកាស​មួយ​ដែល​ផ្ដល់ឱ្យ​គាត់មាន​ភាពកក់ក្ដៅ សម្រាប់​រដូវ​កាលថ្មី ពី​ព្រោះរដូវកាល​នេះ​មាន​សភាពតឹងតែងមែន​ទែន ដែលលីគមានតែ៨ក្រុមហើយសុទ្ធតែមានសមត្ថភាពប្រហាក់ប្រហែលគ្នា អញ្ចឹង​ទៅ​យើងបន្ត​កុងត្រា ពួក​គាត់​ក៏សប្បាយចិត្ត រួមរស់​ជាមួយយើង មាន​ភាពកក់ក្ដៅ​យ៉ាង​ខ្លាំង»។

-B8 Sport៖ ភ្នំពេញក្រោនមាន​គម្រោងនាំចូលកីឡាករអាស៊ានទេសម្រាប់រដូវកាលថ្មីនេះ?

-លោក កែវ សុខង៉ន៖« ជាក់ស្ដែង! យើងកំពុងតែជជែក និងចចារផង​ដែរ​។ យើងកំពុង​តែ​គិតថា បើយើង​យក​កីឡាករអាស៊ានមកចូល​រួម តើ​កីឡាករក្នុងស្រុកត្រូវបង្ហាញសមត្ថភាពបាន​កម្រិតណា​សិន​។ យើង​គិត​ថា​វា​ពិត​ជា​ល្អ​ដែរ ដែល​កូតាថ្មី​នេះ យើង​ដាក់​កីឡាករ​អាស៊ាន​បាន​ម្នាក់ផង​ដែរ។ ខ្ញុំគិតថា​ជម្រើស​នេះពិតជាល្អសម្រាប់​ទីផ្សារអាស៊ាន ហើយ​វា​អាច​ជួយកីឡាករអាស៊ាន និង​កីឡាករខ្មែរ​យើង មានឱកាស​ប្រឡូក ប្រកបអាជីព ហើយ​ពិត​ជា​ល្អសម្រាប់​កីឡាករទូទៅក្នុងតំបន់​អាស៊ានរបស់​យើង។ សម្រាប់​ភ្នំពេញ​ក្រោន យើង​កំពុងពិចារណា ហើយ​វា​ពិបាក​មែន​ទែន។ ឥឡូវ​នេះកូតារបស់​លីគ​ថ្មី​ និង​សហព័ន្ធ ពិសេស​លីគឯកជនដែល​គេ​រៀបចំ តម្រូវឱ្យកីឡាករមាន​យុវជនអាយុក្រោម២២ឆ្នាំលេង​ចំនួន​២​នាក់ ហើយ​បើ​យើងក្រឡេក​មើល​ទៅ ពិតជាពិបាក​មែន​ទែន ​ក្នុងការ​ដាក់បញ្ចូលកីឡាករផ្សេងៗ​ទៀត ហើយការ​បង្ហាញ១១នាក់ដំបូង យើង​ខាត​បាត់​ទៅ​ហើយ ដោយ​សារ​យើងដាក់​កីឡាករបរទេស​៤​នាក់ អ្នក​ចាំ​ទី ថែម​ទាំងយុវជន២​នាក់​ទៀត វា​ឡើង​៧​នាក់។ អញ្ចឹង​វា​ពិត​ជាពិបាក​សម្រាប់​ភ្នំពេញក្រោន។ តាម​ពិត​ទៅ​មិន​មែន​តែ​យើងទេ គ្រប់​បណ្ដា​ក្លិប​ដទៃ​ទៀត​ក៏​ជួប​បញ្ហា​នេះដែរ»។

«ជាពិសេស! យើងរឹតតែពិបាក ដោយ​សារ​កីឡាករធម្មតា មាន​ជម្រើស​តិច​ ហើយ​កីឡាករមិន​សូវជាសប្បាយចិត្តប៉ុន្មាន​ទេ ដែលមានឱកាស​ក្នុងការ​បង្ហាញតិច។ កីឡាករធម្មតា​ដែល​គាត់​ចង់​បង្ហាញ​គ្រប់​ការ​ប្រកួត គាត់​ចង់លេង គាត់​ខិតខំ​ប្រឹង​ប្រែង ប៉ុន្តែដោយ​សារ​យើងឃើញជាក់ស្ដែង​ជម្រើសនេះ​គឺ​ពិបាក​ក្នុងការ​យក​តំណែង១១នាក់»។

តាមការ​ប្រកាស​របស់​សហព័ន្ធកីឡាបាល់​ទាត់​កម្ពុជា Cambodian Premier League 2022 ចាប់​ផ្ដើម​នៅ​ដើម​ខែ​មីនា ឆ្នាំ២០២២ ខណៈដែលការ​ចាប់​ឆ្នោតពាន​រង្វាន់ AFC Cup 2022 នឹង​ចាប់​ឆ្នោត​នៅ​ថ្ងៃ​ទី​១៧​ខែមករា​ខាងមុខ​ ស្រប​ពេលភ្នំពេញ​ក្រោន​ឈរ​នៅ​ Pot 3៕

ads
ads