

ក្រុមហង្សក្រហម Liverpool បានយកឈ្នះលើម្ចាស់ផ្ទះមេឃខៀវ Manchester City ០-២ សម្រាប់ការប្រកួតលីគកំពូលអង់គ្លេស English Premier League សប្តាហ៍ទី ២៦ រដូវកាល ២០២៤-២៥ កាលពីយប់មិញ។ ២ គ្រាប់របស់ក្រុម Liverpool ដឹកនាំដោយគ្រូបង្វឹក លោក Arne Slot រកបានដោយខ្សែប្រយុទ្ធ Mohamed Salah ១ គ្រាប់នៅនាទីទី ១៤ មុនពេលរូបគេបញ្ចូនបាល់ឱ្យ Dominik Szoboszlai រកបាន ១ គ្រាប់ទៀតនៅនាទីទី ៣៧ ក្នុងវគ្គទី ១ នៅឯកីទ្បដ្ឋាន Etihad ដែលជាលទ្ធផលដូចគ្នាកាលជើងទី១ នៅកីឡដ្ឋាន Anfield សម្រាប់ការប្រកួតលីគកំពូលអង់គ្លេស English Premier League រដូវកាល ២០២៤-២៥។
លទ្ធផលបែបនេះបានធ្វើឱ្យម្ចាស់ជើងឯកលីគកំពូលអង់គ្លេស ១៩ សម័យកាល គឺ Liverpool នាំមុខ Arsenal ដែលជាក្រុមលេខ ២ រហូតដល់ចំនួន ១១ ពិន្ទុនៅ English Premier League បន្ទាប់ពីក្រុមដឹកនាំដោយលោក Mikel Arteta ភ្លាត់ចាញ់ញញួរធំ West Ham United ០-១ នៅក្នុងដី (Emirates Stadium) កាលពីរាត្រីថ្ងៃសៅរ៍។ ដូច្នេះហើយ មានន័យថា Liverpool កំពុងតែខិតជិតក្នុងការឈ្នះជើងឯកលីគកំពូលអង់គ្លេស English Premier League ជាលើកទី ២០ ស្របពេលពួកគេនៅសល់ ១២ ប្រកួតទៀត មុនពេលបញ្ចប់រដូវកាលនេះ ២០២៤-២៥។
សូមជម្រាបថា Liverpool បានខកខានក្នុងការឈ្នះជើងឯកលីគកំពូលអង់គ្លេស English Premier League ចំនួន ៤ ឆ្នាំហើយ បន្ទាប់ពីពួកគេឈ្នះជើងឯកពានធំនេះចុងក្រោយកាលឆ្នាំ ២០២០ ខណៈដែល Manchester City ជាក្រុមឈ្នះជើងឯក ៤ សម័យកាលជាប់ៗ៕