

ខ្សែការពារ Alphonso Davies របស់ក្លិប Bayern Munich នឹងខកខានជួយក្រុមអស់រយៈជាច្រើនខែ បន្ទាប់ពីរូបគេបានរបួសដាច់សរសៃពួរជង្គង់ ACL ខាងស្តាំ ដែលតម្រូវឱ្យរូបគេធ្វើការវះកាត់។ Davies បានរងរបួសខាងលើ អំទ្បុងពេលការប្រកួត Concacaf Nations League នៅវគ្គយកលេខ ៣ និង ៤ ដែលក្រុមជម្រើសជាតិកាណាដា បានយកឈ្នះលើសហរដ្ឋអាម៉េរិក ២-១ កាលពីថ្ងៃអាទិត្យមុន។
ជាមួយគ្នានេះ ខ្សែការពារ Dayot Upamecano របស់ក្លិប Bayern Munich ក៏នឹងខកខានជួយក្រុមជាច្រើនសប្តាហ៍ផងដែរ បន្ទាប់ពីរូបគេជួបបញ្ហារបួសជង្គង់ នៅពេលបំពេញភារកិច្ចជាមួយនឹងក្រុមជម្រើសជាតិបារាំង។ Davies លេងឱ្យ ២២៦ ប្រកួត ចាប់តាំងផ្ទេរពី Vancouver Whitecaps ក្នុងឆ្នាំ ២០១៨។ កីឡាករវ័យ ២៤ ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល ៥ ឆ្នាំកាលពីខែកុម្ភៈ ដើម្បីបញ្ចប់ការរំពឹងទុកដែលផ្សារភ្ជាប់រូបគេជាមួយនឹងការផ្លាស់ទៅ Real Madrid៕
ប្រភព៖ BBC