

ចំពោះកាតក្រហមយប់មិញ នឹងធ្វើឱ្យខ្សែប្រយុទ្ធ Antony អវត្តមានក្នុងការប្រកួតទល់នឹងក្រុម Real Madrid។ ក្នុងការប្រកួតទល់នឹងក្រុម Gatafe យប់មិញ កីទ្បាករអន្តរជាតិប្រេស៊ីលវ័យ ២៥ ឆ្នាំរូបនេះត្រូវបានអាជ្ញាកណ្តាលផ្តល់នូវកាតក្រហមភ្លាមៗនៅនាទី ៩០+៤ បន្ទាប់ពីរូបគេបានបង្កកំហុសលើខ្សែការពារកូដស្តាំ Juan Iglesias របស់ក្លិប Gatafe ពីការស្លាយជើងខាងក្រោយ។
បញ្ហាខាងលើនេះ Antony ត្រូវអវត្តមានក្នុងការប្រកួតទល់នឹងក្រុម Real Madrid សម្រាប់ការប្រកួត La Liga នាថ្ងៃសៅរ៍ទី០១ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ។ នៅក្នុងជំនួបខាងលើនេះ Real Betis បានយកឈ្នះលើ Gatafe ១-២ ដោយ Antony បានបញ្ចូនបាល់ឱ្យ Isco រកបាន ១ គ្រាប់នៅនាទីទី ១៨ មុនពេល Isco រកបានគ្រាប់បាល់ទី ២ ឱ្យ Real Betis ដោយការទាត់បាល់ពិន័យ ១១ ម៉ែត្រនៅនាទីទី ៧៧ មុនពេល Borja Mayoral រកបាន ១ គ្រាប់ឱ្យ Gatafe នៅនាទីទី ៨២ ផងដែរ។
សូមជម្រាបថា Antony ចាប់តាំងពីចូលរួមជាមួយនឹងក្លិប Real Betis ក្នុងលក្ខខណ្ឌខ្ចីជើងពី Manchester United ក្នុងខែមករា ឆ្នាំ២០២៥ មករូបគេបានបង្ហាញខ្លួនឱ្យក្រុមចំនួន ៦ ប្រកួត ក៏ដូចជារកបាន ៣ គ្រាប់ និងបញ្ចូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីចំនួន ២ លើក៕