(Khmer) ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ហៅកាត់ថា CPL បានចេញសេចក្ដីប្រកាសស្ដីពីកម្មវិធីប្រគល់ពានរង្វាន់ខេមបូឌានព្រីមៀរលីគ (CPL Football Award) ឆ្នាំ២០២២ ដែលគ្រោងនឹងរៀបចំឡើងនាថ្ងៃពុធ ទី០៧ ខែធ្នូ នៅផ្សារទំនើប អ៊ីអ៊ន ម៉ល សែនសុខ ចាប់ពីម៉ោង ១៦:០០នាទីល្ងាចតទៅ។
គោលបំណងសំខាន់នៃការបង្កើតកម្មវិធីប្រគល់ ពានរង្វាន់ខេមបូឌានព្រីមៀរលីគឆ្នាំ២០២២ នេះធ្វើឡើងដើម្បីផ្តល់គុណតម្លៃ ប្រជាប្រិយភាព និងការគោរពស្រឡាញ់ ចំពោះកីឡាករ គ្រូបង្វឹក ក្លិបបាល់ទាត់ មន្ត្រីដឹកនាំការប្រកួត និង ម្ចាស់ឧបត្ថម្ភ ក៏ដូចជាការបំពាក់មេដាយ និងប្រគល់ជូននូវពានរង្វាន់ដល់មន្ត្រី និងកីឡាករដែលទទួលបានពានរង្វាន់ឯកត្តជនផងដែរ។
តម្លៃនិងចំនួនសំបុត្រ យើងបានកំណត់ជាក់លាក់ និងដាក់លក់នាពេលឆាប់ៗខាងមុខនេះ ហើយតម្លៃក្នុង០១សំបុត្រ ១០ដុល្លា ស្មើនឹង ៤០.០០០រៀល ដោយទទួលបានអាហារសម្រន់ និងការទស្សនានូវផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ។ ចំពោះតម្លៃសំបុត្រ អាចនិយាយថាមិនមែនសម្រាប់ការរៀបចំកម្មវិធីទាំងមូលទេ គឺជាការអោយតម្លៃកម្មវិធីនេះ
ដើម្បីញ៉ាំងអោយកម្មវិធីកាន់តែមានភាពទាក់ទាញ
ដើម្បីបង្កើននូវចំនួនពានរង្វាន់សម្រាប់កីឡាករ
ដើម្បីបង្កើនប្រាក់រង្វាន់សម្រាប់កីឡាករដែលត្រូវទទួលបានពានរង្វាន់ជ័យលាភី
មានឱកាសជួបជាមួយនឹងកីឡាករដែលខ្លួនគាំទ្រ ស្រឡាញ់ពេញចិត្ត
អាចចូលរួមលេងហ្គេម និងមានឱកាសឈ្នះរង្វាន់
គួរដឹងដែរថា នេះជាលើកទី១ហើយដែលក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ហៅកាត់ថា CPL រៀបចំឲ្យមានកម្មវិធី CPL Football Award 2022 នេះឡើង។
ដោយឡែកនៅព្រឹកថ្ងៃកម្មវិធី CPL ក៏មានរៀបចំការប្រកួតហ្គេម (eFootball) ជាប្រភេទ Mobile Game ដែលរៀបចំនៅពេលព្រឹកចាប់ពីចាប់ពីម៉ោង ១០:០០នាទីព្រឹក ដល់ម៉ោង ១៣:០០នាទីថ្ងៃរសៀល។ ជ័យលាភីជើងឯកនឹងទទួលបាន រង្វាន់នៅក្នុងពិធីប្រគល់ពានរង្វាន់ខេមបូឌានព្រីមៀរលីគឆ្នាំ២០២២។