(Khmer) កាលពីម្សិលមិញ អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជាលោក Keisuke Honda បានប្រកាសថាលោកបានធ្វើការជ្រើសរើសកីឡាករ៣៥នាក់ដើម្បីត្រៀមសម្រាប់ការប្រកួតក្នុងពានរង្វាន់ AFF Mitsubishi Cup 2022 ប៉ុន្តែលោកនឹងនៅតែប្រើប្រាស់កម្មវិធីវាស់ស្ទង់ភាពអំណត់ 30-15IFT ដដែល។
សម្រាប់តែថ្ងៃនេះ គ្រូបង្គោលក្រុមព្រះខ័នរាជស្វាយរៀងលោក Conor Nestor បានចេញមកប្រតិកម្ម ហើយបង្ហាមតិយោបល់អំពីវិធីសាស្រ្តមួយនេះ។
«ខ្ញុំគាំទ្រគ្រប់វីធីសាស្ត្រសម្រាប់ការបង្កើតស្តង់ដារបាល់ទាត់ ប៉ុន្តែការធ្វើតេស្តកាយសម្បទា វាគ្រាន់តែជាចំណុចតូចតាចមួយប៉ុណ្ណោះ។ យើងមិនមែនចាញ់ទីម័រ និងបង់ក្លាដែសដោយសារកាយសម្បទានោះទេ។ កីឡាករដែលមិនបានលេងលីគ បែរជាជាប់ជម្រើសជាតិ នេះបញ្ជាក់យ៉ាងច្បាស់ថា 30-15IFT គឺជាអាទិភាពដែល Honda រើសកីឡាករ»។
«ហើយនេះគឺជាវិធីសាស្រ្តដែលមានកំហុសយ៉ាងខ្លាំងរបស់លោក Honda ។ ដើម្បីជាការល្អសម្រាប់បាល់ទាត់កម្ពុជា លោកគួរតែទៅរៀនយកអាជ្ញាប័ណ្ណគ្រូបង្វឹក ព្រោះគ្រូបង្វឹកនិងកីឡាករគឺជាតួនាទីផ្សេងគ្នា ហើយគ្រូបង្វឹកទៀតសោតគឺជាការងារពេញម៉ោង មិនមែនការងារក្រៅម៉ោងនោះឡើយ»។
«ដូច្នេះ វាគួរតែដល់ពេលដែលយើងឈប់និយាយថា ” បាទៗ ” តាមគាត់គ្រប់បែបយ៉ាងទៀតទៅ ព្រោះគាត់មានពេល 5ឆ្នាំ ដើម្បីធ្វើអាជ្ញាបណ្ណគ្រូបង្វឹក ហើយគាត់មិនបានធ្វើវាទេ ដូច្នេះប្រហែលជាគាត់ត្រូវទទួលស្គាល់ថា គាត់ក៏ត្រូវអភិវឌ្ឍខ្លួនឯងផងដែរ»។
គ្រូបង្វឹករូបនេះបន្តទៀតថា៖ «រាល់ការលើកឡើងរបស់ខ្ញុំ គឺធ្វើឡើងដោយការគោរពចំពោះភាពល្អនៃបាល់ទាត់កម្ពុជា ខ្ញុំមិនមានបំណងចង់រិះគន់បុគ្គលណាម្នាក់នោះទេ ប៉ុន្តែប្រសិនបើយើងចង់ប្រៀបធៀបខ្លួនឯង ទៅនឹងគុណប្រយោជន៍បាល់ទាត់ជាតិ យើងត្រូវឈប់និយាយអំពី 30-15IFT ទៀតទៅ ព្រោះការធ្វើតេស្តសម្បទា វាមិនមែនជាវេទមន្តទេ»។
អត្ថបទ៖ 25 Sport