(Khmer) គ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាម លោក Park Hang-seo បានបង្កភាពចម្រូងចម្រាសសារជាថ្មី បន្ទាប់ពីសកម្មភាពដ៏ហួសចិត្តរបស់លោក ពេលចូលរួមការប្រកួតកីឡាបាល់ទាត់ SEA Games ឆ្នាំ 2021 នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដែលបច្ចុប្បន្នកំពុងដំណើរការ។
ដោយដកស្រង់របាយការណ៍របស់ Bola.com លោក Hang-seo និងបុគ្គលិកបង្វឹករបស់គាត់មានវត្តមានទស្សនាការប្រកួតក្នុងពូល A រវាងមីយ៉ាន់ម៉ា ជាមួយទីម័រឡេស្តេ ហើយការប្រកួតនោះ មីយ៉ាន់ម៉ាក្លាយជាអ្នកឈ្នះជាមួយនឹងលទ្ធផល 3-2 ចុងម៉ោង។
នៅក្នុងរូបថតមួយសន្លឹក លោក Hang-seo ត្រូវបានគេមើលឃើញថា នៅជិតទីលានខ្លាំងពេក ហើយមន្ត្រី AFC ម្នាក់ឈ្មោះ Mindu Dorji បានស្តីបន្ទោស និងបញ្ជាឱ្យគ្រូបង្វឹកអង្គុយនៅកៅអីអ្នកទស្សនា។ ទោះជាយ៉ាងណាក៏ដោយ គ្រូបង្វឹកមកពីកូរ៉េខាងត្បូងបានព្រងើយកន្តើយនឹងការណែនាំដែលបានផ្តល់ឱ្យ ហើយបន្តនៅជិតទីលាន ហើយគាត់បានប្រើលេសមិនយល់ពីការស្តីបន្ទោសដែលផ្តល់ដោយ Dorji ។
លើសពីនេះ គ្រូបង្វឹកម្នាក់របស់ Hang-seo ក៏បានថតរូបដោយប្រើទូរសព្ទដៃ ហើយខ្សឹបប្រាប់គ្រូបង្វឹក ខណៈការប្រកួតកំពុងដំណើរការ។ ម្ចាស់ផ្ទះស៊ីហ្គេមលើកនេះ បានទទួលការរិះគន់ច្រើនពីបណ្តាប្រទេសប្រកួតប្រជែង ជាពិសេសក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់ ដែលគេចាត់ទុកថាមិនបានផ្តល់កន្លែងហ្វឹកហាត់សមរម្យ ក៏ដូចជាអ្នកទស្សនាក៏មានសេរីភាពក្នុងការទស្សនាការហ្វឹកហាត់របស់កីឡាករផ្សេងៗទៀតផងដែរនៅក្នុងក្រុម។
អ្នករិះគន់ខ្លាំងជាងគេគឺលោក Shin Tae-yong គ្រូបង្វឹករបស់ប្រទេសឥណ្ឌូនេស៊ី ដែលគាត់បានចាត់ទុកកន្លែងហ្វឹកហាត់ដែលផ្តល់ដល់ក្រុមរបស់គាត់ថាស្ថិតក្នុងស្ថានភាព “ធ្ងន់ធ្ងរ” ហើយម្ចាស់ផ្ទះគួរតែផ្តល់កន្លែងហ្វឹកហាត់ល្អជាងនេះ។
“ការប្រកួតអន្តរជាតិ ប៉ុន្តែបានផ្តល់កន្លែងហ្វឹកហាត់បែបនេះ។ យ៉ាប់ណាស់! បើទោះជាគេជាម្ចាស់ផ្ទះក៏ដោយ។ តើពួកគេមិនត្រូវមានភាពយុត្តិធម៌ក្នុងការផ្តល់គ្រឿងបរិក្ខារទេឬ? Tae-yong បាននិយាយ។ វៀតណាមបានកត់ត្រាជ័យជម្នះក្នុងការប្រកួតបើកឆាកក្នុងពូល A ជាមួយនឹងក្រុមឥណ្ឌូណេស៊ី ដែលពួកគេបានយកឈ្នះក្រុម Garuda ដោយលទ្ធផល 3-0៕