(Khmer) ក្រោមការដឹកនាំរបស់លោក ទុំ សារាយ អតីតខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា និងក្លិបព្រះខ័នរាជស្វាយរៀង បានកែខែ ខាត់ ដុសអតីតយុវជនរបស់ភ្នំពេញក្រោនដែលសឹងតែបាត់ឈ្មោះក្នុងពិភពបាល់ទាត់ខ្មែរ ឈួត ស៊ិនទៀងក្លាយជា ខ្សែប្រយុទ្ធ ក្នុងប្រអប់ រង់ចាំឆ្មក់ឱកាស បង្កើតឱកាស រកគ្រាប់បាល់ ដ៏គ្រោះថ្នាក់បំផុតមួយប្រចាំក្លិបអគ្គិសនីកម្ពុជា។
នេះមិនមែនជារឿងចៃដន់នោះទេ ខណៈដែល ឈួត ស៊ិនទៀង បានផ្ដល់បទសម្ភាសន៍ឱ្យ B8 Sport ថា មានកត្តាជាច្រើនដែលធ្វើឱ្យគាត់អាចរកបានគ្រាប់បាល់ឡើងវិញ និងបង្ហាញគុណផលលេងបានល្អក្នុងរដូវកាលនេះ។
«អរគុណសម្រាប់ការសម្ភាសន៍នេះបង! វាមិនមែនជារឿងចៃដន្យទេបង។ ការលេងល្អនេះវាមកពីខ្ញុំបានខំប្រឹងហ្វឹកហាត់ទៀងទាត់១០០% និងខ្លាំងជាងមុន ស្របជាមួយកីឡាករដែលជាមិត្តរួមក្រុមលេងជាមួយគ្នាយូរឆ្នាំមកហើយនោះ យើងយល់ចិត្តគ្នាខ្លាំង។ មួយទៀតយើងដាក់គោលដៅលើកពានលីគទី២ក្នុងឆ្នាំនេះ។ ក្រុមយើងជាកីឡាករខ្មែរសុទ្ធអញ្ចឹងទំនាក់ទំនងគ្នាលើទីលាន និងក្នុងក្រុមងាយស្រួល ហើយក្រុមយើងជាក្រុមដែលមានបទពិសោធន៍ច្រើនមកហើយ»។
លោក ទុំ សារាយ ជាអតីតខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា និងក្លិបព្រះខ័នរាជស្វាយរៀង អញ្ចឹងហើយការប្រយុទ្ធលើទីលានលោកដឹងច្បាស់និងមានបទពិសោធន៍ ហើយអ្វីទាងនេះលោកបានយកមកបង្វឹកកូនក្រុម។
«សម្រាប់ខ្ញុំ! អរគុណដល់មិត្តរួមក្រុមដែលរើសយកឆន្ទៈខ្ពស់ទាំងហ្វឹកហាត់ និងពេលប្រកួត សហការគ្នាបានល្អ អញ្ចឹងហើយទើបខ្ញុំអាចមានឱកាសរកបានគ្រាប់បាល់បាន។ គន្លិះសំខាន់! គ្រូគាត់តែងតែប្រាប់ជារឿយៗ ពន្យល់រាល់ថ្ងៃ ហើយពេលហ្វឹកហាត់គ្រូបង្វឹកឱ្យយើងទាត់តម្រង់ទី និងការទាត់ពីចម្ងាយវាក៏ជាការចូលរួមមួយផ្នែកធ្វើឱ្យខ្ញុំអាចរកបានគ្រាប់បាល់ច្រើន»។
អតីតយុវជនរបស់ភ្នំពេញក្រោនរូបនេះបន្តថា៖ «កាលពីមុន! ខ្ញុំលេងស្លាបឆ្វេង ស្លាបស្ដាំ ហើយឥឡូវហ្នឹងលេងប្រយុទ្ធកណ្ដាលដោយសារតែក្រុមយើងខ្វះខាតខ្សែប្រយុទ្ធ! អត់មានប្រយុទ្ធចំទេ! អញ្ចឹងគ្រូដាក់ឱ្យខ្ញុំលេងកណ្ដាល ហើយឱ្យឈរទីតាំងណាមួយដើម្បីបញ្ចប់ទី ហើយឃើញថាវាបានផលមែន»។
សមិទ្ធិផលដែលយុវកីឡាកររូបនេះ សម្រេចបាន បានក្លាយជាចំណែកមួយដ៏សំខាន់ជួយក្រុម អោយបន្តឈរកំពូលតារាងជាបន្ត មិនទាន់ស្គាល់បរាជ័យ ១៣ប្រកួត ជាប់ៗគ្នា។ គិតត្រឹមសប្តាហ៍ទី១៣នេះ រូបគេរកបាន ១៣គ្រាប់ហើយ កំពុងឈរនៅលេខរៀងទី២ ជាអ្នករកគ្រាប់បាល់បានច្រើនបំផុត នៅលីគទី២ និងជាកីឡាករខ្មែរ ដែលរកបានគ្រាប់បាល់ច្រើនបំផុតនៅលីគទី២ផងដែរ៕