(Khmer) អវត្តមានរបស់ Lionel Messi នៅក្នុងការប្រកួតមិត្តភាពជាមួយក្រុមតារាបាល់ទាត់ចម្រុះហុងកុង (Hong Kong All Stars) កាលពីសប្តាហ៍មុនធ្វើឱ្យអាជ្ញាធរចិនក្តៅស្លឹកត្រចៀកយ៉ាងខ្លាំង ឈានទៅដល់ការដាក់ទណ្ឌកម្មលើក្រុមជម្រើសជាតិអាហ្សង់ទីនទាំងមូលមិនឱ្យប្រកួតមិត្តិភាពជាមួយក្រុមជម្រើសជាតិនីហ្សេរីយ៉ានៅទីក្រុង Hangzhou ។នេះបើយោងតាមការចេញផ្សាយរបស់ The Sun កាលពីថ្ងៃសុក្រទី ៩ ខែកុម្ភៈ ២០២៤។
ការប្រកួតក្លិបមិត្តភាពមុនរដូវកាលរវាង Inter Miami និងក្រុមចម្រុះហុងកុង មានមនុស្សចូលរួមជិត ៤០០០០ នាក់ ដោយសំបុត្រមានតម្លៃជាមធ្យម ៥០០០ដុល្លារហុងកុងស្មើនឹងជាង៦០០ដុល្លារអាមេរិក។
ការប្រកួតមិត្តភាពរបស់អាហ្សង់ទីន ជាមួយនីហ្សេរីយ៉ានៅខែក្រោយត្រូវបានលុបចោលដោយអាជ្ញាធរកីឡាចិនដោយសារតែ Lionel Messi អវត្តមានក្នុងការប្រកួតតមិត្តភាពជាមួយក្រុមAll Star Hong Kong កាលពីថ្ងៃទី៤ខែកុម្ភៈ ប៉ុន្តែនៅពេលដែល Miami លេងនៅកីឡដ្ឋាន Hong Kong ហើយឈ្នះ ៤-១ ទាំង Messi និង Luis Suarez ដែលទើបនឹងចុះហត្ថលេខាអង្គុយលើកៅអីធ្វើប្រងើយ ក្រោមហេតុផលថា របួស។ ហេតុផលនេះបានធ្វើអោយអ្នកគាំទ្រហុងហុង ខឹងសម្បារយ៉ាងខ្លាំង និងទារលុយថ្លៃសំបុត្រត្រឡប់មកវិញ។
ទោះជាយ៉ាងណាក្តី ប៉ុន្មានថ្ងៃបន្ទាប់មក កីឡាករអាហ្សង់ទីនរូបនេះបានលេងនៅប្រទេសជប៉ុនទល់នឹងក្រុម Kobe ដែលវាធ្វើឱ្យមានប្រតិកម្មកាន់តែខ្លាំងក្នុងចំណោមអ្នកគាំទ្រហុងកុងនៅពេលដែល អ្នកគាំទ្រជប៉ុនបានឃើញគាត់លេង។
ជាប្រតិកម្មទៅនឹងសារព័ត៌មានអវិជ្ជមាននាពេលថ្មីៗនេះ អាជ្ញាធរចិនមិនត្រឹមតែដាក់ទណ្ឌកម្ម Messi ប៉ុណ្ណោះទេ ពួកគេបានលុបចោលទាំងស្រុងនូវការធ្វើជាម្ចាស់ផ្ទះការប្រកួតរវាងអាហ្សង់ទីន និងនីហ្សេរីយ៉ា។ ការប្រកួតនេះត្រូវបានរៀបចំក្នុងទីក្រុង Hangzhou របស់ចិន ប៉ុន្តែបន្ទាប់ពីហុងកុងមានអារម្មណ៍ថាខ្លួនមិនត្រូវបានគេគោរព ចិនបានសម្រេចចិត្តលុបចោលក្នុងការគាំទ្រសហការីរបស់ខ្លួន៕