(Khmer) សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានបញ្ជាក់ពីការដកខ្លួនចេញរបស់ក្លិបចិន Shanghai Port FC ចេញពីពានរង្វាន់ក្លិបអាជីពកម្រិតទី១ AFC Champions League 2022 ដោយសារភាពរឹតបន្តឹងការធ្វើដំណើររបស់ពួកគេ នៅទីក្រុងសៀងហៃ ប្រទេសចិន ដែលជាវិធានការ Lock down នាពេលថ្មីៗនេះ ដែលត្រូវបានអនុវត្តដោយរដ្ឋាភិបាលខចិន។
សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី បានប្រកាសថារាល់ការប្រកួតដែលទាក់ទងនឹង Shanghai Port FC ត្រូវបានលុបចោល និងមិនមានក្លិបមកជំនួសពួកគេដែលត្រូវប្រកួតប្រជែងក្នុងពូល J នោះទេ ដោយពេលនេះក្នុងពូលនៅសល់ ៣ក្រុមប៉ុណ្ណោះគឺ Chiangrai United FC មកពីប្រទេសថៃ, Kitchee SC របស់ហុងកុង និង Vissel Kobe មកពីប្រទេសជប៉ុន។
ដើម្បីជៀសវាងការសង្ស័យ ក្នុងការសម្រេចចិត្តជ្រើសរើសក្លិបចំណាត់ថ្នាក់លេខពីរល្អបំផុតចំនួន 3ក្រុម ក្នុងការនឹងឈានទៅជុំ ១៦ក្រុមចុងក្រោយ AFC សម្រេចមិនគិតលទ្ធផលនៃការប្រកួតរវាងក្លិបចំណាត់ថ្នាក់លេខ 2 ក្នុងពូល និងទី 4 ឡើយ។ ចំពោះគ្រប់ពូលទាំងអស់នៅអាស៊ីខាងកើត នៃ AFC Champions League ដែលមានពូល F, G, H, I និង J នឹងមិនត្រូវបានរាប់បញ្ចូលក្នុងការគណនាចុងក្រោយទេ។ កាលវិភាគប្រកួតវគ្គចែកពូលព្រឹត្តិការណ៍ក្លិបអាជីពដ៏ធំប្រចាំទ្វីពនេះ គ្រោងនឹងចាប់ផ្ដើមប្រកួតនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ខាងមុខនេះ៕
ប្រភព ៖ Asean Football