(Khmer) ខ្សែការពារស្លាបរបស់ក្លិបវិសាខាកីឡាករ ឆេង ម៉េង មានឈ្មោះក្នុងបញ្ជីជម្រើសជាតិកម្ពុជាសម្រាប់ការប្រកួតពានរង្វាន់ AFF Mitsubishi Cup 2022 ខណៈដែលកម្ពុជាត្រូវទទួលក្រុមហ្វីលីពីន និងប្រ៊ុយណេក្នុងការប្រកួតនៅ ពហុកីឡដ្ឋានមរតកតេជោ វេលាម៉ោង៥និង០០នាទី។
ឆេង ម៉េងត្រូវបានគេដឹងថាជាកីឡាករដែលមានជំនាញទាត់បាល់ Set Piece ទាំងអស់ (បាល់ជ្រុង ហ្វ្រីឃីគ ) ប៉ុន្តែគុណភាពសំខាន់ៗ ៣ចំណុច ដែលរូបគេមាន តែងតែបង្ហាញទេពកោសល្យរបស់ខ្លួន មិនថានៅជាមួយក្លិបវិសាខា និងក្រុមជម្រើសជាតិកម្ពុជា។ តាមការមើលឃើញពីគ្រូជំនួយក្រុមជម្រើសជាតិកម្ពុជា គឺលោក ភា សុភក្ត្រា ខ្សែការពារស្លាបឆ្វេង មានដើមកំណើតមកពីខេត្តកោះកុងរូបនេះតែងតែ៖
១-គុណភាពនៃការលើកបាល់ដោយប្រើប្រាស់ជើងឆ្វេង កោង ហើយច្បាស់៖ ជំនាញជើងឆ្វេង ហើយលេងក្នុងតំណែងស្លាបឆ្វេងទៀតសោត វាជារឿងមួយដ៏ល្អព្រមគ្នា។
ក្នុងក្លិបវិសាខារៀងរាល់រដូវកាលនិងគ្រប់ប្រកួតដែលចូលលេង រូបគេតែងតែជាកីឡាករដែលទទួលរ៉ាប់រងក្នុងការលើបាល់ចេញពីស្លាបឆ្វេង ចូលក្នុងតំបន់គ្រោះថ្នាក់របស់គូប្រកួត។ បាល់ចេញពីជើងរបស់គេគឺគ្រោះថ្នាក់ណាស់ ហើយបើមានបាល់ទាត់ហ្វ្រីឃីគចេញពីជំហរខាងឆ្វេង ច្បាស់ណាស់ ឆេង ម៉េង ជារ៉ាប់រង ខណៈដែលខាងស្ដាំគឺ អ៊ុក សុវណ្ណ។
២-លេងសហការគ្នាជាមួយមិត្តរួមក្រុមបានល្អ ក្នុងស្ថានភាពលេងបាល់ខ្លីៗ នៅតំបន់ប្រយុទ្ធ៖ ក្នុងនាមជាខ្សែការពារស្លាប តាមការសង្កេត រូបគេតែងតែងឡើងមកខាងលើ ដើម្បីធ្វើជាចំនួនលើសក្នុងតំបន់ប្រយុទ្ធ និងជួយគាំទ្រពេលបាល់ត្រូវការបង្កើតឱកាស។ ជាមួយនឹងជំនាញលើកបាល់ច្បាស់ៗ ការធ្វើជាចំនួនលើសនេះ គឺជាផលចំណេញ ពិសេសការលើបាល់លើខ្លីៗឱ្យមិត្តរួមក្រុមសម្រេចទី។
៣-ការទទួលខុសត្រូវខ្ពស់ជាមួយនឹងការរបំរែបំរួលយុទ្ធសាស្ត្រ ពេលក្រុមកំពុងស្ថិតក្នុងស្ថានភាពប្រយុទ្ធប្តូរទៅការពារ៖ ក្រៅពីការឡើងគាំទ្រក្នុងតំបន់ប្រយុទ្ធ រូបគេក៏ចុះមកការពារបានលឿនដែរនៅ ពេលដែលក្រុមបាត់បាល់ហើយ ក្រុមគូប្រកួតវាយសម្រុកខ្លាំង។ ទោះបីជាមិនសូវល្អក្នុងការការពារមួយទល់មួយ ហើយឆាប់ស្រុតកម្លាំងបន្តិច ប៉ុន្តែការរួមចំណែករបស់គាត់ ពិតជាធ្វើឱ្យក្រុមមានភាពងាយស្រួលក្នុងការលេងបែប Build Up ។