(Khmer) សមាគមបាល់ទាត់នៃប្រទេសម៉ាឡេស៊ីបានប្រកាសថាលោក Tan Cheng Hoe បានលាលែងពីតំណែងជាគ្រូបង្វឹកជម្រើសជាតិហើយ បន្ទាប់ពីពួកគេបរាជ័យក្នុងការប្រកួតជម្រុះតាមពូលក្នុងព្រឹត្តិការណ៍ AFF Suzuki Cup 2020 ដែលទើបនឹងបញ្ចប់នាពេលថ្មីៗនេះ។
លោក Tan ដែលបានគ្រប់គ្រងលើក្រុមខ្លាម៉ាឡេ ឬ Harimau Malaya តាំងពីឆ្នាំ 2018 បាននាំឱ្យពួកគេទទួលបានចំណាត់ថ្នាក់ជើងឯករងនៅក្នុងការប្រកួតដូចគ្នានៅឆ្នាំនោះ ដែលនាំឱ្យមានការរំពឹងទុកថាពួកគេអាចទៅឆ្ងាយម្តងទៀតនៅក្នុងព្រឹត្តិការណ៍ចុងក្រោយបំផុត។
ក្រោយយកឈ្នះកម្ពុជា និងឡាវ ក្រុមម៉ាឡេស៊ីបានចាញ់វៀតណាម ៣-០ ប៉ុន្តែក្នុងការប្រកួតចុងក្រោយក្នុងពូល B របស់ពួកគេជាមួយគូប្រជែងដ៏ខ្លាំងឥណ្ឌូណេស៊ី បានត្រឹមចាញ់យ៉ាងអាម៉ាស់ ៤-១។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយ FAM បានបង្ហាញថា៖” Tan បានបង្ហាញពីចេតនារបស់គាត់ (ដើម្បីចុះចេញពីតំណែង) បន្ទាប់ពីការបរាជ័យរបស់ក្រុមរបស់គាត់ក្នុងការឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFF Suzuki Cup 2020 ហើយភាគីទាំងពីរក៏បានយល់ព្រមចំពោះការបញ្ចប់កិច្ចសន្យារបស់គាត់ជាការព្រមព្រៀងទៅវិញទៅមក។
ការចាកចេញរបស់លោក Tan មានន័យថា ឥឡូវនេះម៉ាឡេស៊ីនឹងស្វែងរកគ្រូបង្វឹកទី៥ឱ្យកាន់តំណែងក្នុងរយៈពេល 8 ឆ្នាំចុងក្រោយនេះ បន្ទាប់ពីលោកគ្រូបង្វឹកចាស់ៗដូចជាលោក Dollah Salleh, Ong Kim Swee និង Nelo Vingada សុទ្ធតែបានកាន់តំណែងមួយនេះតាំងពីឆ្នាំ 2014 រៀងមក។