(Khmer) ខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកាត្រូវបានតែងតាំងជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន បុរីហេង បូរិន គ្រុបដែលមានសុពលភាពកុងត្រាដល់ដំណាច់ឆ្នាំ២០២២នេះ ក្នុងតម្លៃខ្ទងម៉ឺនដុល្លារ នេះបើតាមការបញ្ជាក់ពីលោកឧកញ្ញា ហេង បូរិន អគ្គនាយកក្រុមហ៊ុន បុរី ហេង បូរិនក្នុងពិធីប្រកាសចុះហត្ថលេខានៅ Axis Condo ព្រឹកថ្ងៃទី០៤ខែតុលាឆ្នាំ២០២២។
លោកឧកញ្ញា ហេង បូរិន អគ្គនាយកក្រុមហ៊ុន បុរី ហេង បូរិនបានបង្ហាញមូលហេតុនៃការជ្រើសរើស ចាន់ វឌ្ឍនាកាជាទូតសុច្ឆន្ទៈ ដោយសារតែគាត់ជាអ្នកគាំទ្របាល់ទាត់ដ៏ងប់ងល់ម្នាក់ ហើយក្នុងនោះ ផងដែរ វឌ្ឍនាកាជាកីឡាករក្នុងដួងចិត្តរបស់គាត់ផងដែរ។ ហេតុផលមួយទៀតនោះ គឺថា លោកបានឃើញពីការខិតខំប្រឹងប្រែងក្នុងវិស័យបាល់ទាត់របស់វឌ្ឍនាកាដែលជាកីឡាករម្នាក់ក្នុងចំណោមបុគ្គលជាច្រើនដែលបានជួយវិស័យបាល់ទាត់កម្ពុជាឱ្យមានភាពរីកចម្រើនក្នុង និងមានការទទួលស្គាល់លើឆាកអន្តរជាតិ និងសមិទ្ធផលជាច្រើនទៀត។
បុរីហេង បូរិនគ្រុប មានជំនឿយ៉ាងមុតមាំថា វឌ្ឍនាកាជាទុតសុច្ឆន្ទៈដ៏ល្អបំផុត និងអាចនាំយកបុរីហេង បូិនគ្រុប ជ្រៀតទៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសកម្ពុជាឱ្យកាន់តែមានភាពល្បីល្បាញ ក៏ដូចជាបង្កើតនទំនុកចិត្តទៅដល់អតិថិជនដែលតែងតែគាំទ្របុរីហេង បូរិនគ្រុបតាំងតែកាលចាប់ផ្ដើមលក់រហូតដល់បច្ចុប្បន្ននេះ។
ចំណែក ចាន់ វឌ្ឍនាកាបាននិយាយដែរថា សមិទ្ធផលក្នុងវិស័យកីឡាបាល់ទាត់ទាំងនេះមិនមែនជារបស់ខ្លួនទាំងអស់នោះ ទេតែជារបស់បងប្អូនទាំងអស់គ្នា ព្រោះថាបើគ្មានការគាំទ្រពីសំណាក់បងប្អូនអ្នកគាំទ្រ ក៏មិនមានវឌ្ឍនាកាដែរ។ ជាតួយ៉ាងខ្ញុំបាទក៏ដូចជាបុរី ហេង បូរិន បើមិនមានការគាំទ្រពីអតិថិជនក៏មិនមានបុរី ហេងបូរិនគ្រុបនាពេលបច្ចុប្បន្ននេះដែរ។
«ក្នុងនាមខ្ញុំជាជាទូតសុច្ឆន្ទៈរបស់បុរី ហេង បូរិនគ្រុប ខ្ញុំនឹងប្រឹងប្រែងឱ្យអស់សមត្ថភាពក្នុងពាំនាំផ្សព្វផ្សាយពីគុណភាព និងការរស់នៅប្រកបដោយស្ដង់ដារសុវត្ថិភាព ឱ្យទៅដល់ដៃអតិថិជនទាំងអស់។ ខ្ញុំនឹងប្ដេជ្ញាចិត្តចូលរួមចំណែក អភិវឌ្ឍន៍ បុរី ហេង បូរិនគ្រុបឱ្យកាន់តែរីកចម្រើនតទៅ»៕