ads
ads
(Khmer) អត្ថន័យឈុតជម្រើស​ជាតិកម្ពុជាផលិត​ដោយ​ក្រុមហ៊ុនក្នុងស្រុក Varaman
28-May-2022

(Khmer) កាលពីម្សិលមិញ​ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បាន​បង្ហាញឈុត​ថ្មីរបស់​ជម្រើសជាតិកម្ពុជា ដែលរចនា និងផលិតនៅកម្ពុជាដោយក្រុមហ៊ុន Varaman។ ​អាវ​ថ្មី​សម្រាប់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក្នុង​ឆ្នាំ​២០២២គឺច្នៃប្រឌិត​ផ្អែក​លើ​គោល​គំនិត ​Concept Design អត្ថន័យនិងរូបភាព​នៃទង់ជាតិខ្មែរ។

ជាពិសេសក្រាហ្វិក​អាវក្នុងទឹកដីត្រូវបានរចនាដោយ​ដកស្រង់អត្ថន័យរបស់ពាក្យ“ប្រាសាទសីលាកំបាំងកណ្តាលព្រៃ”​នៃបទនគររាជក្នុងការបង្កប់រូបភាពតូចៗនៃប្រាសាទអង្គរវត្ត(ទាំង៣ពណ៌ក្នុងសាច់ក្រណាត់:ពណ៌ខៀវ​ទឹកប៊ិចខៀវនិងខៀវផ្ទៃមេឃ)ក្នុងលំនាំនៃការរចនាប៉ារ៉ាឌីជីថល Digital Camouflage ក្នុងអត្ថន័យថាប្រាសាទសីលាដែលជាប្រាសាទអង្គរវត្តយើងនេះកំពុងកំបាំងកណ្តាលព្រៃនៅលើក្រាហ្វិកអាវក្នុងទឹកដីយើងថ្មីនេះហើយ​ចំណែកផ្នែកនីមួយៗនៃអាវទាំងមូល​គឺដកស្រង់អត្ថន័យពីឃ្លាទីពីរនៃភ្លេងជាតិរបស់យើងនេះឯង។

– ប្រាសាទសីលា កំបាំងកណ្តាលព្រៃ: រូបភាពតូចៗនៃប្រាសាទអង្គរវត្តបង្កប់ខ្លួនក្នុងប៉ារ៉ាឌីជីថល Digital Camouflage ដែលតំណាងឱ្យព្រៃ
– គួរអោយស្រមៃ នឹកដល់យសស័ក្តិមហានគរ: Logo Varaman វរ្ម័ន (​ដែលដកស្រង់អត្ថន័យ​ពីព្រះបាទ​ជ័យវរ្ម័នទី៧) តំណាង​ឲ្យសម័យកាលមហានគរ
– ជាតិខ្មែរដូចថ្មគង់វង្សនៅល្អរឹងប៉ឹងជំហរ: Logo សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែល​មានមុខបាយ័នតំណាងឱ្យថ្មបាយ័នដែលនៅតែរឹងមាំមកដល់ថ្ងៃនេះដូចជាតិខ្មែរ
– យើងសង្ឃឹមពរ ភ័ព្វព្រេងសំណាងរបស់កម្ពុជា: ពាក្យស្លោក​​”ដេីម្បីកម្ពុជា”​តំណាងឱ្យឃ្លា”ភ័ព្វព្រេងសំណាងរបស់កម្ពុជា”ដែលក្រុម​ជម្រើស​ជាតិត្រូវខិតខំប្រឹងប្រែងធ្វើសម្រាប់ភ័ព្វព្រេងសំណាងរបស់កម្ពុជាដែលបងប្អូនសង្ឃឹមទៅលើក្រុម​ជម្រើស​ជាតិ
– មហារដ្ឋកើតមាន យូរអង្វែងហើយ: ក្រុមជម្រើសជាតិលេងតំណាងឱ្យកម្ពុជាយើងទាំងអស់គ្នា។អាវក្នុងទឹកដីដែលក្រុម​ជម្រើស​ជាតិ​​ពាក់ដើម្បីប្រកួតគឺជាឯកសណ្ឋាន​និមិត្តសញ្ញាតំណាងឱ្យបងប្អូននិងប្រទេសជាតិខ្មែរយើងទាំងមូលដែលជាជាតិសាសន៍ដែលធ្លាប់មានប្រវត្តិយូរអង្វែងមកហើយ

សម្រាប់ក្រាហ្វិកអាវក្រៅទឹកដីត្រូវបានរចនាដោយ​ដកស្រង់ផ្នែកមួយនៃបន្ទាត់ក្រាហ្វិក Vector Lines របស់ប្រាសាទអង្គរវត្តពីទង់ជាតិខ្មែរយើងមករចនាជាលំនាំក្រាហ្វិកនៅលើអាវដែល​មានការប្រើប្រាស់ពណ៌ក្រហមព្រាលៗនៅ​ក​ណ្តា​ល និងពណ៌ខៀវព្រាលៗនៅសងខាងដើម្បីតំណាងឱ្យប្លង់ពណ៌នៃទង់ជាតិរបស់យើង។

ការ​យក​ផ្នែក​មួយ​នៃ​បន្ទាត់​ក្រាហ្វិក Vector Lines របស់ប្រាសាទអង្គរវត្តពីទង់ជាតិមកលាតសន្ធឹងឱ្យធំមាន​ន័យ​ថា​យើងចង់បង្ហាញអត្តសញ្ញាណក៏ដូចជាវប្បធម៌ និងអរិយធម៌ខ្មែរឱ្យទូលំទូលាយដើម្បីផ្សព្វផ្សាយឱ្យបរទេសបានស្គាល់នៅពេលយើងនៅឆ្ងាយក្រៅ​ពីទឹកដីរបស់យើង។

ឯកសណ្ឋានក្រុមជម្រើសជាតិមិនមែនគ្រាន់តែជាអាវសម្រាប់ពាក់នោះទេ ប៉ុន្តែវាគឺជាឱកាសមួយដើម្បីបង្ហាញអត្តសញ្ញាណរបស់យើងនៅលើឆាកអន្តរជាតិដែល​ក្រុម​ជម្រើស​ជាតិ​យើង​ចូល​រួម​ប្រកួត។ដូច្នេះ វាមានប្រយោជន៍ដែលយើងរចនាអាវរបស់យើងក្នុងវិធីផ្សព្វផ្សាយតម្លៃវប្បធម៌របស់យើងទៅកាន់ពិភពលោកតាមសកម្មភាពរបស់ក្រុមជម្រើសជាតិយើង ។

ក្រាហ្វិកអាវអ្នកចាំទីត្រូវបានរចនាដោយ​ដកស្រង់ផ្នែកមួយនៃបន្ទាត់ក្រាហ្វិក Vector Lines របស់ប្រាសាទអង្គរវត្តពីទង់ជាតិខ្មែរយើងមករចនាជាលំនាំក្រាហ្វិកឱ្យអាវអ្នកចាំទីឃើញដូចជាអាវក្រោះដើម្បីការពារទីរបស់យើងព្រោះអ្នកចាំទីគឺជាខ្សែការពារចុងក្រោយរបស់យើង។ពណ៌ក្រហមពីទង់ជាតិ​របស់យើងតំណាងឱ្យភាពក្លាហានដែលអ្នកចាំទីរបស់យើងត្រូវតែមានដើម្បីលះបង់ខ្លួនក្នុងការពារទីរបស់យើងពីគូប្រកួត

ads
ads