(Khmer) កីឡាអូឡាំពិកជាច្រើនដូចជាបាញ់កាំភ្លើង កីឡាជិះទូក(rowing ) និងបាញ់ធ្នូ ត្រូវបានកម្ពុជាដកចេញពីស៊ីហ្គេម ៣២ ឆ្នាំក្រោយ ខណៈដែលកីឡានេះមានសក្ដានុពលសម្រាប់វៀតណាម។
កម្ពុជាបានរៀបចំសន្និសីទកីឡាស៊ីហ្គេមលើកទី៣២ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកក្កដា។ ក្នុងសន្និសីទនេះ ប្រទេសម្ចាស់ផ្ទះបានស្នើប្រភេទកីឡាចំនួន ៤០ សម្រាប់ស៊ីហ្គេម ៣២ ឆ្នាំ២០២៣។ ក្នុងវេបសាយ vnexpress និយាយថា« ក្នុងចំណោមប្រភេទកីឡា ១៥ប្រភេទនៅស៊ីហ្គេម ៣១ នៅប្រទេសវៀតណាម ត្រូវបានកាត់ចេញពីបញ្ជី រួមមានប្រភេទកីឡាអូឡាំពិកជាច្រើនដូចជាការបាញ់កាំភ្លើង បាញ់ធ្នូ និងចែវទូក(rowing ) »។
កាសែតខាងលើបន្ថែមទៀតថា ៖«ម្ចាស់ផ្ទះកម្ពុជាបានដកកីឡាទាំងនេះចេញ ដោយសារមិនមានអត្តពលិក ក៏ដូចជាសម្ភារៈបរិក្ខារសម្រាប់បំពេញតម្រូវការរបស់ស្ថាប័ន»។ យោងតាមអគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំកាយ និងកីឡាវៀតណាម លោក Tran Duc Phan កីឡាទាំងនេះគឺជាប្រភេទកីឡាដែលវៀតណាមមានកម្លាំងខ្លាំង ដូច្នេះការដកនេះនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ចំនួនមេដាយមាសដែលពួកគេអាចរកបាន។
ក្រៅពីកីឡាជាមូលដ្ឋានដូចជា បាល់ទាត់ អត្តពលកម្ម ហែលទឹក វាយសី តេក្វាន់ដូ… កម្ពុជាក៏បានបញ្ចូលកីឡាថ្មីៗ និងប្លែកមួយចំនួនផងដែរ ដូចជា គុនខ្មែរ និង teqball (ទម្រង់ដូចវាយកូនឃ្លីលើតុ តែមានបាល់ទាត់)។
បញ្ជីឈ្មោះកីឡាសម្រាប់ស៊ីហ្គេមលើកទី៣២អាចនៅតែរផ្លាស់ប្តូរបាននាពេលខាងមុខ ។ ប្រទេសផ្សេងទៀតនឹងបន្តចរចាជាមួយកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដើម្បីដាក់បញ្ចូលកីឡាមួយចំនួនទៀតទៅក្នុងព្រឹត្តិការណ៍នេះ។
វៀតណាមបានឈរនៅកំពូលតារាងស៊ីហ្គេមលើកទី ៣១ ដែលខ្លួនធ្វើជាម្ចាស់ផ្ទះក្នុងខែឧសភា ដោយទទួលបានមេដាយមាសចំនួន ២០៥ ច្រើនជាងថៃ ១១៣ គ្រឿង។ យ៉ាងណាក៏ដោយ លោក Phan បាននិយាយថា គោលដៅរបស់វៀតណាមនៅស៊ីហ្គេមលើកទី៣២ គឺគ្រាន់តែឈានដល់កំពូលទាំងបីប៉ុណ្ណោះ។
ស៊ីហ្គេមលើកទី៣២ គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅទីតាំងចំនួន៥ គឺរាជធានីភ្នំពេញ និងខេត្ត សៀមរាប ព្រះសីហនុ កំពត និងកែប។