(Khmer) ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវធ្វើដំណើទៅកាន់កីឡដ្ឋាន Thammasat Stadium ដែលជាទឹកដីរបស់ជម្រើសជាតិថៃហើយត្រូវគ្នាក្នុងការប្រកួតចុងក្រោយនៃពូលA សម្រាប់ពានរង្វាន់ AFF Mitsubishi Electric Cup ស្របពេលកម្ពុជាត្រូវការឈ្នះក្រុមម្ចាស់ផ្ទះដែលជាម្ចាស់ជើងឯក៦សម័យកាលមួយនេះដើម្បីមានឱកាសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
បើនិយាយអំពីប្រវត្តិជួបគ្នាក្នុងពានរង្វាន់មួយនេះដែលចាប់ផ្ដើមតាំងពីឆ្នាំ១៩៩៦ (Tiger Cup)កម្ពុជានឹងថៃមិនដែលជួបគ្នាសោះឡើយ ហើយមិនថាវគ្គជម្រុះដំបូងឬ វគ្គជម្រុះសន្សំពិន្ទុក្នុងពូលក្ដីគឺឃ្វៀងគ្នារហូត។ មិនដែលជួបគ្នាក្នុងពានរង្វាន់ AFF Cup នេះមិនបានមានន័យថា ពួកគេមិនដែលជួបគ្នាក្នុងពានរង្វាន់ផ្សេងទៀតនោះទេ។
តាមកំណត់ត្រារបស់ 11v11 ក្រុមជម្រើសជាតិកម្ពុជាឈុតធំ ធ្លាប់ជួបជម្រើសជាតិថៃបាន៦ដងដែរគិតចាប់ពីឆ្នាំ១៩៥៧រហូតដល់ឆ្នៃ២០០១ ដែលក្នុងនោះកម្ពុជាចាញ់៥ដងនិងស្មើម្ដងគត់ ហើយមិនដែលឈ្នះទេសម្រាប់ជំនួបឈុតធំនេះ។
សម្រាប់ពានរង្វាន់ AFF Mitsubishi Electric Cup ក្នុងឆ្នាំនេះវិញ វាជាលើកដំបូងហើយសម្រាប់ក្រុមទាំងពីត្រូវជួបគ្នា។ កម្ពុជាត្រូវការឈ្នះជាចាំបាច់ ដើម្បីមានឱកាសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ខណៈថៃទប់បានត្រឹមស្មើក៏ឡើងទៅដែរក្នុងនាមជាក្រុមការពារតំណែងជើងឯក។