ads
ads
(Khmer) កម្ពុជាឈ្នះប្រ៊ុយណេ ៥-១ និង រឿង៥យ៉ាងយើងបាន​រៀនសូត្រ​ពី​ការ​ប្រកួតនេះ
29-December-2022

(Khmer) ក្រុមជម្រើសជាតិកម្ពុជា​បាន​យក​ឈ្នះក្រុមជម្រើសជាតិប្រ៊ុយណេ​ក្នុង​លទ្ធផល​៥ទល់១​នា​ការ​ប្រកួតជុំទី៣​នៃពូល A នៃពាន​រង្វាន់ AFF Championship 2022 ខណៈដែល​៥​គ្រាប់​នេះ​រក​បាន​ដោយ ជួន ចាន់ចាវ ថេឡ័រ នីកូឡាស់ ឌឿង(P) កែវ សុខផេង(P) និង​កីឡាករ លឹម ពិសុទ្ធ២​គ្រាប់​ម្នាក់ឯង។

ខាង​ក្រោម​នេះ​ជាចំណុច​៥​យ៉ាងដែល​ B8 Sport បាន​រៀនសូត្រពី​ការ​ប្រកួត​នេះ៖

១- ជម្រើស១១នាក់ដំបូង

នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ក្នុង​ការ​ប្រកួតនេះ សារ ទី និង​ ថេឡ័រ នីកូឡាស់ ឌឿង រ៉ាប់​រង​ក្នុងតំបន់ប្រយុទ្ធទាំង​សង​ខាងជំនួស លឹម ពិសុទ្ធ និង​សៀង ចន្ធា ខណៈ​ដែល រ៉ឹង​ ប៊ុនហៀង​បន្ត​កាន់​កាប់ក្នុងតំណែង​លេខ៩។ តំបន់​បម្រើ សុះ ស៊ូហាណា និង​អ៊ន ចាន់ប៉ូលីន​លេង​៣​ប្រកួតជាប់​គ្នាក្នុងឈុត១១នាក់ ខណៈដែល​បម្រើ​ការពារ​ស្លាប សឿត បារាំង ​និងយ៉ើ ម៉ូស្លីម​ដែល​ធ្វើ​បាន​ល្អ​ក្នុង​ការ​ប្រកួត​ជាមួយ​ហ្វីលីពីន​បន្ត​​កាន់​តំណែង​បាន​ល្អ​ដដែល។ តំបន់​ការពារ សឿយ វិសាល ជួន ចាន់ចាវ និង​ទេស សម្បត្តិ​រ៉ាប់​រងតំបន់​ការពារ​កណ្ដាលដ៏​រឹង​មាំ។ កែវ សុខសិលាក្នុង​ការ​ប្រកួត​នេះ​ជា​លើក​ទី​៣​ជាប់​ៗគ្នា​ហើយ​ដែល​រ៉ាប់រងក្នុង​ចាំទី។

២-កម្ពុជារបូតគ្រាប់​បាល់​មុន ស្របពេល​ប្រុយណេ​លេង​បាន​ល្អជាង​ក្នុង​ដើម​វគ្គទី១

កីឡាករជម្រើសជាតិ​ប្រុយណេ Mohammed Othman រក​បាន​គ្រាប់​បាល់​នាំមុខ​កម្ពុជា​នៅនាទី២១ ​ស្របពេល​ប្រ៊ុយណេ​លេង​បាន​ល្អ​ជាង ជាមួយ​នឹង​ការ​វាយ​សម្រុក​និង​គ្របដណ្ដប់នៅ​ដើម​វគ្គ​ទី​១។ កម្ពុជា​ក៏​មាន​ឱកាស​ក្នុង​ការ​រក​គ្រាប់​បាល់​ដែរ តែ​គុណភាព​នៃ​ការ​បញ្ចប់​ទីនៅមានកម្រិត ស្របពេល​កម្ពុជាខ្ជះខ្ជាយបាល់​ច្រើន​នៅ​មុខ​ទី​គូ​ប្រកួត។

ជួន ចាន់ចាវ តែត​បញ្ចូលទីតតាម​ស្មើនៅនាទី៣១ ក្រោយ​ទទួល​បាន​បាល់​លើក​យ៉ាងស្អាតដូច​ផ្ការំដួល ពី ទេស សម្បត្តិ ក្រោយ​ញាក់ដាច់ខ្សែការពារប្រ៊ុយណេ​៣​នាក់ពី​ស្លាប​ខាង​ស្ដាំ។ ចុង​វគ្គ​ទី​២ កម្ពុជា​ហាក់​កញ្ជ្រោលខ្លាំង​ក្នុង​ការ​រក​គ្រាប់​បាល់យក​ឈ្នះ​ប៉ុន្តែ​មិន​បាន​សម្រេច​ហើយ ហើយប្រុយណេ​វាយ​បក​វិញបាស់​សក់ម្ដងៗ​ផង​ដែរ។

៣-នីក ថេឡ័រ​រក​បាន​គ្រាប់បាល់ដំបូងឱ្យ​ជម្រើសជាតិកម្ពុជា​៖

នាទី៥០​ក្នុង​វគ្គទី២ កីឡាករកូនកាត់​អាមេរិក Nick Taylor ​រក​បាន​គ្រាប់​បាល់លើក​ដំបូង​ក្នុង​អាជីពនៃ​ជម្រើសជាតិកម្ពុជា​ក្រោយ​ទទួលបានបាល់ប៉េណាល់ទី។ កីឡាកររូប​នេះ​លេង​៤ប្រកួត​ហើយ​ក្នុង​ឆ្នាំ​២០២២​នេះ​បន្ទាប់​ពីបង្ហាញខ្លួន​លើក​ដំបូង​ទល់​និង​ក្រុមបង់ក្លាដេស។ គ្រាប់​បាល់​អាច​ជាការ​ផ្ដល់ទំនុក​ចិត្តក្នុង​ការ​បង្ហាញខ្លួនសម្រាប់​ការ​ប្រកួតបន្ទាប់។ និយាយលើស​ពី​នេះ គ្រាប់​បាល់​នេះអាច​និយាយ​បាន​ជា​គ្រាប់​បាល់របស់ជម្រើស​ជាតិ​កម្ពុជា​ដែល​ស៊ុត​ចូល​ដោយ​កីឡាករ​កូន​កាត់អាមេរិក។

៤- កីឡាករផ្លាស់ប្ដូរ​ការ​ប្រកួត៖

ការ​ប្ដូរចូល សៀង ចន្ធា និង លឹម ពិសុទ្ធ កែវ សុខផេងក្នុងតំបន់​ប្រយុទ្ធបាន​ធ្វើ​ឱ្យ​ការ​ប្រកួតផ្លាស់ប្ដូរទាំងស្រុង។ គ្រាប់​បាល់៤​គ្រាប់​កើត​ឡើងពី​ការ​បង្កើតឱកាស​ប្រយុទ្ធខ្លាំង​ស្រប​ពេលក្រុមទាំងមូល​ស្រេកឃ្លាន​គ្រាប់​បាល់។ ឱកាស​ច្រើន​ណាស់​ដែលក្រុមកម្ពុជាខ្ជះខ្ជាយ ទោះ​បី​ជា​រក​បាន​៤​គ្រាប់​ក្ដី។ នេះ​បង្ហាញ​ពី​គុណភាពនៅ​មាន​ការ​ខ្វះចន្លោះក្នុងបញ្ចប់​ទី​តែ​យ៉ាង​កម្រិតព្រុយណេ​ដែល​លេង​មិន​ខ្លាចចាញ់ និង​អស់​កម្លាំង ពីព្រោះ​វា​ជាការ​ប្រកួត​ចុង​ក្រោយ​របស់​ពួកគេ​ក្នុងពូល។

៥- កម្ពុជា​ត្រូវ​ការ​ឈ្នះថៃ​តែមួយមុខ​គត់​បើ​ចង់​ឡើង​ទៅ​វគ្គ​បន្ត៖

ក្រុមជម្រើសជាតិនឹង​ត្រូវ​ធ្វើ​ដំណើ​ទៅ​ប្រកួត​ជាមួយ​ជម្រើសជាតិ​ថៃ​ក្នុង​ការ​ប្រកួត​ចុង​ក្រោយក្នុងពូល A ហើយ​ការ​ប្រកួត​នេះកម្ពុជា​ត្រូវ​ការ​ឈ្នះដាច់​ខាត​បើ​ចង់​ឡើង​ទៅ​ជុំបន្ទាប់​ជាលើកដំបូង​ក្នុង​ប្រវត្តិសាស្រ្តរបស់ខ្លួន។ ក្រុមជម្រើសជាតិ​ថៃ​ប្រកួត​ស្មើ​ជាមួយ ឥណ្ឌូនេស៊ី១-១ ក្នុង​ការ​ប្រកួតទី​៣ មាន​ន័យ​ថា​ពួក​គេ​មាន​៧ពិន្ទដូចគ្នា ខណៈកម្ពុជាមាន៦ពិន្ទុ។ ប្រកួត​ចុង​ក្រោយ​ឥណ្ឌូនេស៊ី​ត្រូវ​ជួប​ហ្វីលីពីន ដែល​មាន​តែ​៣​ពិន្ទុក្នុង​ការ​លេង​៣​ប្រកួត។ ថៃ​ជាក្រុមដែល​ឈ្នះជើងឯកពាន​រង្វាន់​មួយ​នេះបាន​ច្រើនជាង​គេ​ពោល​គឺ៦​ដង។ តើ​កម្ពូជា​អាច​យក​ឈ្នះថៃ​បាន​ដែរឬទេ? នេះជាសំណួរ​ដែលមិនទាន់​មានអ្នក​ឆ្លើយនៅឡើយ៕

ads
ads