(Khmer) ប្រសិនបើក្រុមជម្រើសជាតិវៀតណាមអាយុក្រោម២៣ឆ្នាំ ឈ្នះមេដាយមាសនៅស៊ីហ្គេមលើកទី៣១នេះទៀត នោះពួកគេក៏ដូចជាអត្តពលិកដទៃទៀត នឹងទទួលបានប្រាក់រង្វាន់តាមបទប្បញ្ញត្តិដែលបានកំណត់រៀបចំទុករួចរាល់។
ស៊ីហ្គេមលើកទី៣១ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៣ ខែឧសភា នៅទីក្រុងហាណូយ រួមជាមួយទីក្រុង និងខេត្តជិតខាងចំនួន១១ផ្សេងទៀត។ ព្រឹត្តិការណ៍កីឡាប្រចាំអាស៊ីអាគ្នេយ៍នឹងប្រកួតលើ ៤០ប្រភេទកីឡា ដែលមាន ៥២៦វិញ្ញាសា (ស្មើនឹង៥២៦មេដាយ)។
បើប្រៀបធៀបជាមួយគណៈប្រតិភូផ្សេងទៀត ក្នុងនាមជាម្ចាស់ផ្ទះគណៈប្រតិភូកីឡាវៀតណាមមានអ្នកចូលរួមច្រើនជាងគេ (១.៣៤១នាក់)។ គណៈប្រតិភូកីឡារបស់ប្រទេសម្ចាស់ផ្ទះកំណត់គោលដៅខ្ពស់បំផុតសម្រាប់ក្រុមទាំងមូល គោលដៅដែលបានកំណត់គឺ ឈ្នះមេដាយចំនួន ២៩០ ក្នុងនោះមេដាយមាសចំនួន ១៤០ មេដាយប្រាក់ ៧៨ និងមេដាយសំរឹទ្ធ ៧២គ្រឿង។
អត្តពលិកដែលមានសមិទ្ធផលក្នុងស៊ីហ្គេមទី៣១ នឹងទទួលបានរង្វាន់តាមបទប្បញ្ញត្តិ។ ជាពិសេស អត្តពលិកដែលឈ្នះមេដាយមាសនឹងទទួលបានរង្វាន់ ៤៥ លានដុង(ប្រមាណ ១៩៦០ដុល្លារ) ។ កម្រិតរង្វាន់សម្រាប់អត្តពលិកដែលឈ្នះមេដាយប្រាក់ និងសំរឹទ្ធគឺ ២៥លានដុង(ប្រមាណ ១០៨៨ដុល្លារ) និង ២០លានដុង (ប្រមាណ ៨៧១ដុល្លារ) រៀងគ្នា។
ដូច្នេះ ប្រសិនបើ U23 វៀតណាម ការពារជើងឯកស៊ីហ្គេម ដោយជោគជ័យ កីឡាករម្នាក់ៗនឹងទទួលបាន ៤៥ លានដុឬគិតជាដុល្លារប្រមាណ ១៩៦០ដុល្លារសហរដ្ឋអាមេរិក ចំនួននេះមិនរាប់បញ្ចូលប្រាក់រង្វាន់ផ្សេងៗ និងការឧបត្ថមពិសេសឯទៀតពីអ្នកឧបត្ថម្ភទេ៕
ប្រភព៖ thethao