(Khmer) «ខ្ញុំកំពុងលេងនៅក្នុងលីគដែលខ្លាំងជាមួយនឹងការប្រកួតប្រជែងដ៏ខ្ពស់។ ខ្ញុំត្រូវបានរុំព័ន្ធដោយកីឡាករល្អៗជាច្រើន ដូច្នេះវាអាចធ្វើឲ្យខ្ញុំរីកចម្រើន។ ខ្ញុំមកលេងនៅទីនេះ(ម៉ាឡេស៊ី)សម្រាប់ការប្រកួតប្រជែងថ្មី និង ការវិលត្រឡប់មកកាន់ក្រុមជម្រើសជាតិវិញ”នេះគឺជាសម្ដីរបស់កីឡាករ កុក បូរីសនិយាយក្នុងទំព័រហ្វេសបុកកីឡា TheMorning ។
កីឡាករកូនខ្មែរបារាំងរូបនេះបានចុះកុងត្រាលេងឱ្យក្លិប Sarawak United ក្នុងលីគកំពូលម៉ាឡេស៊ីក្នុងលក្ខខ័ណ្ឌខ្ចីជើងមួយរដូវកាល ហើយពេលរូបគេនិយាយថាដល់ពេលជួយជម្រើសជាតិហើយណាមួយរូបគេជឿជាក់លើការដឹកនាំរបស់អ្នកចាត់ការជម្រើសជាតិកម្ពុជាលោក Keisuke Honda។
« ខ្ញុំព្យាយាមខ្លាំងណាស់ពីររដូវកាលចុងក្រោយនេះពីព្រោះខ្ញុំចង់ទទួលបានការកោះហៅពីក្រុមជម្រើសជាតិ។ ខ្ញុំធ្លាប់ប្រាប់គេជាច្រើនដង ថា ក្តីស្រមៃខ្ញុំ គឺ ចង់ជួយប្រទេសខ្ញុំ។ ខ្ញុំដឹងថាខ្ញុំជឿជាក់លើលោក Keisuke Honda ហើយ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងទទួលឱកាសបានលេងនៅក្នុងក្រុមកម្ពុជាក្រោមការដឹកនាំរបស់គាត់»។
បូរីសធ្លាប់ជាប់ជម្រើសជាតិផងដែរដោយលេងបាន២ប្រកួតពេលមិត្តភាពជាមួយជម្រើសជាតិប៊ូតាន់ និងអង្គុយបម្រុងក្នុងការប្រកួតកម្ពុជាប៉ះជាមួយជម្រើសជាតិជប៉ុនវគ្គជម្រុះ World Cup 2018 នៅទីក្រុងភ្នំពេញកាលពីឆ្នាំ២០១៥៕
ដកស្រង់សម្ដីពី៖ TheMorning