(Khmer) វាពិតជាកិត្តិយសមែនទែន សម្រាប់ខ្សែបម្រើ Teeratep Winothai ទទួលបានការកោះហៅចូលរួមក្រុមជម្រើសជាតិថៃ ដើម្បីបង្ហាញខ្លួនលើកចុងក្រោយ មុនពេលចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់។
ក្រុមដំរីសឹកថៃនឹងធ្វើការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមចិនតៃប៉ិ នៅថ្ងៃពុធ ទី១៤ នៅកីឡដ្ឋាន Thammasat វេលាម៉ោង ៨:៣០យប់។
ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថៃ កីឡាករវ័យ ៣៧ឆ្នាំ រូបនេះ បានបង្ហាញចំណាច់អារម្មណ៍របស់ខ្លួន ក្រោយទទួលបានការកោះហៅចូលរួមក្រុមជម្រើសជាតិថៃថា៖
«នេះជាកិត្តិយសដ៏ខ្ពង់ខ្ពស់ម្តងទៀត នៅក្នុងអាជីពបាល់ទាត់របស់ខ្ញុំ ចាប់តាំងពីថ្ងៃដំបូង ដែលខ្ញុំចាប់ផ្តើមមានឱកាសចូលក្រុមជម្រើសជាតិ វាត្រូវបានចាត់ទុកថាជាកិត្តិយសដ៏ធំបំផុតក្នុងជីវិត រហូតដល់ថ្ងៃ ដែលខ្ញុំចូលនិវត្តន៍ពីអាជីពមួយនេះ។ ដើម្បីតបស្នងទៅកាន់ក្រុមជម្រើសជាតិ ដែលបានរៀបចំការប្រកួតចុងក្រោយ ដ៏មានអត្ថន័យនេះ ខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពរហូតដល់ថ្ងៃចុងក្រោយ។
«ចំពោះការសម្រេចចិត្តរបស់ខ្ញុំ ក្នុងការចូលនិវត្តន៍ពីបាល់ទាត់អាជីព ខ្ញុំពិតជាមិនសោកស្តាយទេ។ ខ្ញុំបានគិតដោយប្រុងប្រយ័ត្នអំពីវា ហើយក៏ជាពេលវេលាដ៏ស័ក្តិសមសម្រាប់យើងព្យួរស្បែកជើងផងដែរ។ គ្មាននរណាបង្ខំអ្វីនោះទេ វាជាឆន្ទៈរបស់ខ្ញុំផ្ទាល់»
«ខ្ញុំរីករាយ ដែលអ្នករាល់គ្នាស្វាគមន៍ខ្ញុំយ៉ាងល្អ សម្រាប់ការត្រលប់មកជួបគ្រូបង្វឹក Mano Polking និងមិត្តរួមក្រុមចាស់ៗ នៅក្លិប Bangkok United និងអ្នកផ្សេងទៀតនៅក្នុងក្រុមជម្រើសជាតិ»
«ជាចុងក្រោយ ខ្ញុំចង់ឲ្យអ្នកគាំទ្របាល់ទាត់ថៃ មកលើកទឹកចិត្តពួកយើងឲ្យបានច្រើនកុះករ។ ថ្ងៃពុធនេះ ក៏ជាការប្រកួត ដើម្បីលាគ្នាលើកចុងក្រោយរបស់ខ្ញុំដែរ។ សូមឲ្យអ្នកទាំងអស់គ្នាមក ដើម្បីផ្តល់ជាកិត្តិយស ហើយមកគាំទ្រប្អូនៗ ដែលត្រៀមចូលរួមប្រកួតជើងឯកអាស៊ានផងដែរ»
ខ្សែបម្រើ Teeratep Winothai ធ្លាប់ជាប់ក្នុងឈុតជម្រើសជាតិថៃ U17, U19, U20, U23 និងឈុតធំចន្លោះឆ្នាំ 2005-2022 ហើយបង្ហាញខ្លួន ៤៨ប្រកួត រកបាន ១៨គ្រាប់។ ចំណែកឯប្រកបអាជីពនៅក្លិបវិញ កីឡាកររូបនេះ ធ្លាប់លេងនៅ Muangthong United, BEC Tero Sasana, Police United, Bangkok United និង Chonburi។
រូបភាព៖ Chang Seuk