(Khmer) អនុប្រធានក្លឹប Barcelona លោក Eduard Romeu ជឿជាក់ថា ទឹកប្រាក់ចំនួន 500 លានអឺរ៉ូ (427 លានផោន) គឺត្រូវបានទាមទារ ដើម្បីជួយសង្គ្រោះក្លឹបពីភាពរញ៉េរញ៉ៃដែលពួកគេបានរកឃើញ។
ក្រុមអ្នកមានបុណ្យមួយនេះត្រូវបានជាប់គាំងរឿងហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ រហូតដល់ពួកគេមិនអាចចុះឈ្មោះកីឡាករថ្មីចំនួនពីរនាក់ដែលទើបចុះហត្ថលេខាដោយសារតែពួកគេគ្មានហិរញ្ញវត្ថុដើម្បីទ្រទ្រង់។
ការផ្ទេរដោយឥតគិតថ្លៃសម្រាប់ខ្សែបម្រើកណ្តាល Franck Kessié របស់ AC Milan និងខ្សែការពារ Andreas Christensen របស់ Chelsea ត្រូវបានបញ្ចប់រួចរាល់ហើយ ប៉ុន្តែបំណុលរបស់ក្លឹបបានឈានដល់១ពាន់លានអឺរ៉ូ។ កីឡាករល្បីៗដូចជា Sergio Busquets, Jordi Alba និង Gerard Pique ត្រូវកាត់ប្រាក់បៀវត្សរ៍តាមលក្ខខណ្ឌកំណត់ប្រាក់ខែរបស់ La Liga ហើយអ្នកផ្សេងទៀតដូចជា Antoine Griezmann, Emerson Royal, Junior Firpo និង Miralem Pjanic ត្រូវបានលក់ចេញក្នុងគោលបំណងធ្វើឱ្យសៀវភៅបញ្ជីលុយមានតុល្យភាព។
លោក Romeu បានបើកចំហរអំពីស្ថានភាពហិរញ្ញវត្ថុដែល Barca កំពុងប្រឈម ហើយគាត់ជឿជាក់ថា ពាក់កណ្តាលពាន់លានអឺរ៉ូគឺចាំបាច់សម្រាប់ពួកគេដើម្បីឱ្យមានភាពសុខស្រួលម្តងទៀត។ គាត់បានប្រាប់សារព័ត៌មានអេស្ប៉ាញ Sport ថា៖“ចំនួនដែលធ្វើឱ្យខូចខាតច្រើនជាងគេគឺអតុល្យភាពនៃទ្រព្យសកម្ម” ។
“យើងមានដើមទុនអវិជ្ជមាន 500 លានអឺរ៉ូ(មានន័យថាត្រូវការ៥០០លានអឺរ៉ូ)។
“យើងនឹងខាតបង់បន្ថែមសល់ 150 លានអឺរ៉ូនៅរដូវកាលនេះប្រសិនបើយើងមិនបានធ្វើអ្វីមួយ។ ខ្ញុំបាននិយាយវាពីមុនហើយ ប្រសិនបើនរណាម្នាក់ចង់ឱ្យខ្ញុំ 500 លានអឺរ៉ូ … នោះហើយជាអ្វីដែលយើងត្រូវជួយសង្គ្រោះ Barca” ។
ប្រភពដដែលរាយការណ៍ថា Barca នៅតែជំពាក់ថ្លៃផ្ទេរ 98 លានផោនសម្រាប់កីឡាករ 4 នាក់ក្នុងខែតុលា ខណៈដែលក្លឹបមានមូលដ្ឋាននៅ Catalan បានចំណាយប្រាក់ 8 លានអឺរ៉ូដល់ក្រុមពិនិត្យសមត្ថភាពកីឡាករដែលមានមូលដ្ឋាននៅអាមេរិកខាងត្បូងក្រោមរបបដឹកនាំមុន។ កិច្ចព្រមព្រៀងឧបត្ថម្ភរយៈពេល 4 ឆ្នាំដែលមានតម្លៃ 280 លានអឺរ៉ូជាមួយក្រុមហ៊ុនតន្ត្រី Spotify នឹងចាប់ផ្តើមនៅខែកក្កដា ហើយបន្ថែមលើអាវ និងឧបករណ៍ហ្វឹកហាត់ត្រូវដាក់ឈ្មោះក្រុមហ៊ុនស៊ុយអែតមួយនេះ រួមមានការប្តូរកីឡដ្ឋានដ៏ល្បីល្បាញរបស់ Barcelona ទៅ ‘Spotify Camp Nou’ ។
នាពេលថ្មីៗនេះ ក្លឹបយក្ស La Liga បានអនុញ្ញាតឱ្យអ្នកគាំទ្រជួលទីលានដើម្បិលេង ហើយថែមទាំងទទួលពិធីរៀបការនៅឯដីរបស់ពួកគេក្នុងតម្លៃថ្លៃ ដែលនាំឱ្យមានការចំអកពីអ្នកគាំទ្ររបស់ក្លិបគូប្រជែង។ គេជឿថា Barca ប្រហែលជាត្រូវលក់ឈ្មោះដ៏ធំមួយរបស់ពួកគេនៅរដូវក្តៅនេះ ហើយ Frenkie de Jong ដែលមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយ Manchester United ត្រូវបានគេនិយាយថាជាបេក្ខភាពសំខាន់ម្នាក់ដើម្បីទប់ផលអវិជ្ជមាននៃការកង្វះលុយនេះ។