(Khmer) ក្លឹបបាល់ទាត់ខេត្តបន្ទាយមានជ័យ – BMC FCដែលប្រកួតប្រជែងក្នុងលីគ២កម្ពុជា Cambodian League 2 បានប្រកាសដកខ្លួនចេញពីការប្រកួតប្រជែងសម្រាប់រដូវកាលថ្មីហើយ។
ក្លិបបានផុសក្នុងទំព័រហ្វេសបុកផ្លូវការរបស់ខ្លួនថា៖« មានតែពាក្យថាស្តាយ និងមិនអាចបន្តទៅមុខបានទៀតទេ ពួកយើងសម្រេចបញ្ចប់ត្រឹមនេះហើយ លាសិនហើយលីគ ២កម្ពុជា Cambodian League 2 សង្ឃឹមប្អូនៗជំនាន់ក្រោយនឹងមានឱកាសចូលរួមបង្ហាញសមត្ថភាពនៅលីកកម្ពុជា ។ សូមអគុណដល់ស្មារតីកីឡាករទាំងអស់ដែលខំរួមគ្នារហូតដល់ចប់ចុង ចប់ដើម ក៏ដើម្បីតែពាក្យថា ឈ្មោះខេត្ត ព្រមទាំងក្រុមការងារទាំងអស់ ជាពិសេសគ្រូបង្វឹកលោក ឈឹម យៀក ចំណាយទាំងពេលវេលា កម្លាំង និងថវិកាផ្ទាល់ខ្លួនផងដែរ ។
សូមអគុណលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ ដែលតែងតែយកចិត្តទុកដាក់ចូលរួមជាមួយយើងកន្លងមក និងស្វះស្វែងរកមូលនិធិជួយដល់ក្លឹបខេត្តទាំងមូល »។
ក្លិបបាល់ទាត់ខេត្តបន្ទាយមានជ័យបញ្ចប់ចំណាត់ថ្នាក់ទី១២ ក្នុងតារាងលីគ ដោយមាន៦ពិន្ទូក្នុងដៃក្រោយឆ្លងកាត់២២ប្រកួត ឈ្នះមួយ ស្មើ៣ និងចាញ់១៨ប្រកួត៕