(Khmer) កីឡាករជម្រើសជាតិកម្ពុជាឡុង ភារ៉ាត់បានបង្ហាញថាតំណែងមួយនេះគឺជាកន្លែងដែលរូបលេងបានល្អ និងច្បាស់លាស់បំផុតក្នុងអាជីពបាល់ទាត់ តែយ៉ាងណារូបគេ បើមានឱកាសចូលទីលានហើយទោះលេងតំណែងណាក៏ប្រឹងឱ្យអស់លទ្ធភាពដែរ។
ក្នុងសារឆ្លើយឆ្លងជាមួយ B8 Sport កីឡាកររបស់ក្លិបព្រះខ័នរាជស្វាយរៀងរូបនេះថា៖« ក្នុងតំណែងដេលខ្ញុំលេងល្អ ខ្ញុំអាចច្បាស់លាស់ជាងគេគឺតំណែងបម្រើប្រយុទ្ធ (Attacking Midfield) តែនិយាយទៅ! តំណែងពីបម្រើទៅខាងលើខ្ញុំអាចលេងបានទាំងអស់បង។ តែកន្លែងដែលច្បាស់ជាងគេគឺបម្រើប្រយុទ្ធនេះឯងបង។ ខ្ញុំអាចទៅជួយបង្កើតឱកាសទាត់ប៊ុត និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុម ហើយបើបានឱកាសនៅក្នុងប្រអប់កាន់តែល្អទៀត”។
ទាក់ទងជាមួយកីឡាករដែលលេងយល់ចិត្តជាងគេក្នុងក្រុម អតីតយុវជនរបស់ក្លិបភ្នំពេញក្រោនរូបនេះថា មិនមានកីឡាករណាម្នាក់លេងយល់ចិត្តក្នុងក្រុមនោះទេ តែការយល់ចិត្តក្នុងក្រុមនេះគឺសម្រាប់កីឡាករទាំងអស់តែម្ដង។
«សម្រាប់កីឡាករដែលខ្ញុំលេងយល់ចិត្ត គឺដូចអត់មានបុគ្គលណាផងបង ខ្ញុំយល់ទាំងអស់គ្នា។ ពីព្រោះមុនពេលដេលយើងចាប់ផ្ដើមប្រកួត យើងបានហ្វឹកហាត់ជាមួយគ្នា ត្រៀមខ្លួនជាមួយគ្នា…សម្រាប់ខ្ញុំគឺទាំងអស់គ្នា”។
ឡុង ភារ៉ាត់ពេលនេះកំពុងតែចូលរួមក្នុងក្រុមជម្រើសជាតិលេងពានរង្វាន់ AFC Asian Cup វគ្គជម្រុះជុំទី៣នៅប្រទេសឥណ្ឌា។ ក្រុមជម្រើសជាតិកម្ពុជានៅសល់មួយប្រកួតទៀតជាមួយជម្រើសជាតិអាហ្វហ្គានីស្ថានក្នុងការប្រកួតបិទពូល D ដែលលេងនៅថ្ងៃស្អែក៕