ads
ads
(Khmer) គ្រូបង្វឹក​ទាំងបួនក្រុមក្នុងវគ្គចាញ់​ធ្លាក់ពាន AFF U23 បង្ហាញមតិយោបល់បែបណាក្រោយ​ការ​ប្រកួតម្សិលមិញ?
25-February-2022

(Khmer) ថៃ នឹងជួបវៀតណាមក្នុងការប្រកួតដណ្ដើមពានរង្វាន់(វគ្គផ្ដាច់ព្រ័ត្រ) AFF U-23 Championship 2022 នៅឆ្នាំនេះ បន្ទាប់ពីក្រុមនីមួយៗបានយកឈ្នះគូប្រកួតរៀងៗខ្លួនក្នុងទម្រង់ផ្ទុយគ្នានៅពហុកីឡដ្ឋានជាតិមរតកតេជោល្ងាចម្សិលមិញ។

ខណៈដែលថៃជួបការលំបាកតិចតួចប៉ុណ្ណោះ ដើម្បីទម្លាក់ឡាវក្នុងលទ្ធផល 2-0 ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វៀតណាមជួប​រឿង​ស្ថានភាពព្រលឹងចុងសក់ មុនពេលពួកគេអាចយកឈ្នះទីម័រខាងកើត 5-3 ក្នុងការស៊ុតបាល់ប៉េណាល់ទីកាត់​សេចក្ដី បន្ទាប់ពីក្រុមទាំងពីរបានត្រឹមស្មើគ្នា០ទល់០។

លោក Salvador Garcia គ្រូបង្វឹក​របស់ U23 ​ថៃ​បាន​និយាយ​ថា៖ “ទោះបីស្ថិតក្នុងស្ថានភាពដែលយើងប្រឈមមុខក៏ដោយ ក៏ក្រុមការងារបានធ្វើការងារដ៏អស្ចារ្យ។ ខ្ញុំ​គិត​ថា សំណាង​មិន​មាន​អ្វី​ពាក់ព័ន្ធ​នឹង​ថ្ងៃ​នេះ​ទេ។ វា​គឺ​ជា​ការ​ខិតខំ​ប្រឹងប្រែង​ទាំងអស់គ្នារបស់​កីឡាករ ហើយ​យើង​ស័ក្តិសម​ដើម្បី​ឈ្នះ​ការ​ប្រកួត​នេះ។” 

ចំណែកក្រោយ​ចាញ់​ថៃ​ គ្រូបង្វឹកឡាវលោក Michael Weiss បានបង្ហាញមតិរបស់ខ្លួនថា៖ “ខ្ញុំពេញចិត្តនឹងការសម្តែងរបស់ក្រុមយប់នេះច្រើនជាងពេល​ណាៗ​ទាំងអស់។ ថៃសក្តិសមនឹងទទួលបានជ័យជម្នះនេះ ដោយសារពួកគេគ្រប់គ្រងបាល់ ប៉ុន្តែកីឡាកររបស់ខ្ញុំបានផ្តល់កាលៈទេសៈយ៉ាងល្អ”។

ស្រប​ពេល​នោះ វៀតណាម​ត្រូវ​ប្រឹងប្រែង​ដើម្បី​ដណ្តើម​កៅអី​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ឆ្នាំ​នេះ បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​ក្រុម​ទីម័រ​ឡេស្តេ​បង្ហាញ​ភាព​រឹង​ប៉ឹង​ពេញ​១២០​នាទី ហើយ​ក្នុង​ការ​ស៊ុត​បាល់​ប៉េណាល់ទី វៀតណាម​បាន​យក​ឈ្នះ ៥-៣។

គ្រូបង្វឹកវៀតណាមលោក Dinh The Nam បាននិយាយថា៖ “ខ្ញុំ​ត្រូវ​តែ​អបអរ​សាទរ​ដល់​កីឡាករ​ដែល​បាន​លេង​យប់​នេះ និង​អ្នក​ដែល​នៅ​ក្នុង​មណ្ឌលចត្តា​ឡី​ស័ក​ផង​ដែរ។ យើង​គ្មាន​ជម្រើស​ក្រៅ​ពី​លេង​វាយ​បក និង​គ្រប់គ្រង​បាល់​  ហើយ​ក៏​តាម​ដាន​កីឡាករលេខ 21 (Paulo Freitas) របស់​ពួក​គេដែរ” ។

ដោយ​ឡែក​! លោក Bruno Maciel គ្រូ​បង្វឹក​ក្រុម​ទីម័រខាងកើត​បាន​និយាយថា៖ “វា​មិន​មែន​ជា​ការ​ងាយ​ស្រួល​ដូច​ការ​ប្រឈម​មុខ​នឹង​គូ​ប្រជែង​ដ៏​ស្វិត​ស្វាញ​នោះ​ទេ។ ហើយកម្រិតរបស់ពួកគេគឺខ្ពស់ជាងយើង។ យើង​បាន​កែ​សម្រួល​រឿង​មួយ​ចំនួន​ក្នុង​តង់​ទី​ពីរ​ ដើម្បី​បំបែក​ការ​បង្កើតឱកាស​របស់​ពួកគេ។ ប៉ុន្តែ​វា​ជា​ការ​ប្រកួត​ដ៏​ល្អ​មួយ​នៅ​យប់​នេះ»៕

ads
ads