(Khmer) ការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022 ដែលគ្រោងនឹងចាប់ផ្តើមនៅចុងឆ្នាំនេះ ប្រហែលជាមិនមានវត្តមាន VAR (Video Assistant Referee) ឡើយ។ ដោយសារតែប្រទេសជាច្រើនមិនទាន់ត្រៀមខ្លួននឹងទទួលយកបច្ចេកវិទ្យមួយនេះ។
ការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022 នឹងត្រូវប្រកួតនៅចន្លោះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ក្នុងរូបមន្តលេងក្នុងទឹកដី-ក្រៅដី (Home-Away)។ ចាប់ពីវគ្គចែកពូលរហូតដល់វគ្គផ្តាច់ព្រ័ត្រ ដែលមានមតិអ្នកគាំទ្រជាច្រើន ចង់ឲ្យនាំយក VAR មកជួយកំណត់ភាពយុត្តិធម៌នៃក្រុមនីមួយៗ ជាពិសេសក្នុងជុំសំខាន់ៗ ដែលកំណត់ជោគវាសនានៃវគ្គផ្តាច់ព្រ័ត្រ ឬដើម្បីសម្រេចជើងឯកក្នុងពានរង្វាន់នេះ។
បច្ចុប្បន្នមានប្រទេសមួយចំនួនប៉ុណ្ណោះ ដែលប្រើ VAR គឺថៃប្រើក្នុងក្របខណ្ឌ Thai League1 ក៏ដូចជាវៀតណាម ដែលប្រើសម្រាប់ក្នុងការប្រកួតវគ្គជម្រុះជុំទី៣ នៃព្រឹត្តិការណ៍ World Cup 2022 ខណៈប្រទេសផ្សេងទៀតមិនទាន់ ត្រៀមប្រើ VAR នៅឡើយទេ ដែលចំណុចនេះ វាបានឆ្លុះបញ្ជាំងឲ្យឃើញថាទំនងជាមិនមាន VAR ក្នុងការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022។