(Khmer) យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អារ៉ាប alittihad សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) គ្រោងនឹងបង្កើតឲ្យមានពានរង្វាន់ក្លិបអាជីពប្រចាំទ្វីបអាស៊ីប្រកួតប្រជែងថ្មីស្រឡាងមួយ ដែលមានឈ្មោះថា Asian Super League ។
ប្រភពដដែលបានឲ្យដឹងថា Asian Super League គ្រោងចាប់ផ្តើមពីរដូវកាល ២០២៤/២០២៥ខាងមុខនេះតទៅ ហើយសម្រាប់ទម្រង់រៀបចំពានរង្វាន់ Asian Super League ឬ Elite Club Championship ត្រូវបានកំណត់ចំនួនក្លិបមិនលើសពី ២៤ក្រុមឡើយ។ ចំពោះការកំណត់ក្លិបចូលរួមភាគច្រើនមកពីតំបន់អាស៊ីខាងលិចដូចជា អារ៉ាប់រួម អារ៉ាប៊ីសាអូឌីត កាតា អ៊ូសបេគីស្ថាន និងតំបន់អាស៊ីបូព៌ា មានដូចជាក្រុមមកពីលីគប្រទេសជប៉ុន កូរ៉េខាងត្បូង ចិន និងអូស្ត្រាលីជាដើម។ លើសពីនេះប្រាក់រង្វាន់ពានរង្វាន់ថ្មីស្រឡាងនេះត្រូវបានគេរំពឹងថានឹងកើនឡើងទ្វេដងនៃការប្រកួត AFC Champions League នាពេលបច្ចុប្បន្ន។
គួរបញ្ជាក់ផងដែរថាកន្លងមកសហព័ន្ធកីឡាបាល់ទាត់អាស៊ី ធ្លាប់បង្កើតឲ្យមានពានរង្វាន់ក្លិបអាជីពប្រចាំទ្វីបអាស៊ីចំនួន ៣ពានរង្វាន់ដែរ ដោយមាន AFC Champions League ,AFC Cup និង AFC President Cup ប៉ុន្តែ AFC President Cup ត្រូវបានលុបចោលវិញនៅឆ្នាំ២០១៤។ យ៉ាងណាក្ដីសម្រាប់ពានរង្វាន់កម្រិតកំពូល និងការប្រកួតប្រជែងថ្មី Asian Super League មិនទាន់មានការប្រកាសផ្លូវការពីសហព័ន្ធកីឡាបាល់ទាត់អាស៊ីនៅឡើយទេ ហើយទំព័រ B8 SPORT នឹងជូនដំណឹងបងប្អូននៅពេលក្រោយបន្ថែមទៀត៕