(Khmer) ទាំងម្ចាស់ផ្ទះ Bali United របស់ឥណ្ឌូនេស៊ី និង ក្លិបវិសាខា ដំណាងឲ្យកម្ពុជា សុទ្ធសឹងតែទទួលបាន ៣ពិន្ទុពេញពីប្រកួតដំបូងក្នុងពូល G ក្រោយពី Bali ឈ្នះក្រុមម៉ាឡេស៊ី Kedah FC ២ទល់នឹង០ ខណៈដែលវិសាខាទទួលជ័យជម្នះលើ KAYA FC របស់ហ្វីលីពីន ២ទល់នឹង១ ។ នៅក្នុងសន្និសីទសារព័ត៏មានមុនការប្រកួតទី២ AFC CUP 2022 របស់ក្លិបកម្ពុជាវិសាខា ជាមួយក្រុមជើងឯកលីគកំពូលឥណ្ឌូនេស៊ី Bali United នៅថ្ងៃស្អែកនេះ វេលាម៉ោង០៤៖០០នាទីល្ងាច(នៅកម្ពុជា) លោក មាស ចាន់ណា នឹងផ្ដោតសំខាន់ទៅលើការលេងជាក្រុមទាំងមូលរបស់ម្ចាស់ផ្ទះ ដោយនឹងមិនប្រុងប្រយ័ត្នខ្លាំងពេកលើអតីតម្ចាស់ស្បែកជើងមាសលីគកំពូលកម្ពុជាឆ្នាំ ២០២០ ខ្សែប្រយុទ្ធ Privat ពេកនោះទេ។
គ្រូបង្គោលវ័យ ៣៨ឆ្នាំ ដែលធ្លាប់បានសហការគ្នាជាគ្រូបង្វឹក និងកីឡាករ ជាមួយ Privat Mbarga ពេលប្រកបអាជីពនៅក្លិបណាហ្គាវើលដ៏ ក្នុងរដូវកាល២០១៦ បាននិយាយថា«គាត់មិនមែនជាកីឡាករសំខាន់ដែលផ្ដោតខ្លាំងនោះទេសម្រាប់ខ្ញុំ ដោយសារកីឡាករក្នុងស្រុករបស់យើង រួមទាំងខ្សែការពារ ស្គាល់គាត់ច្បាស់។ ជាងនេះទៅទៀតក្នុងការផ្តោតលើក្រុមរបស់ខ្ញុំ ព្រោះការស៊ុតបាល់បញ្ចូលទីមិនមែនជាការបណ្តោយឲ្យកើតមានគ្រាប់បាល់ងាយៗនោះទេ»។ អតីតគ្រូបង្វឹកដែលដឹកនាំ ណាហ្គាវើលដ៏ឈ្នះជើងឯកលីគកំពូលកម្ពុជាឆ្នាំ២០១៨ រូបនេះបានបន្តថា «លោកនឹងមិនផ្តោតលើ Privat Mbarga ម្នាក់ឯងឡើយ។ ព្រោះថា Bali United មានកីឡាករគ្រោះថ្នាក់ច្រើន។ ពេលនេះខ្ញុំមិនចង់ផ្តោតលើគាត់ទេ ប៉ុន្តែផ្តោតលើក្រុមទាំងមូល ដោយសារតែពួកគេមានកីឡាករដែលមានគុណភាពសប្បូរបែប។ ដូច្នេះយើងគ្រាន់តែផ្តោតលើកលល្បិចដែលគ្រូបង្វឹកបានរៀបចំ»។