(Khmer) ក្លិបបាល់ទាត់វិសាខា ជិតឈានដល់ការបំបែកប្រវត្តិសាស្ត្រក្នុងនាមក្រុមតំណាងកម្ពុជា ចូលរួមប្រកួទពានក្លិបអាជីពទី២ ទ្វីបអាស៊ី AFC CUP 2022 ក្នុងការឆ្លងផុតវគ្គចែកពូល។ ដែលកាលពីលើកមុនៗ ក្លិបផ្សេងៗដូចជា បឹងកេត ណាហ្គាវើលដ៍ ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោនដែលចូលរូមរដូវកាលនេះជាមួយវិសាខាសុទ្ធតែមិនទាន់អាចធ្វើបាននៅឡើយ។
ប៉ុន្តែមុនការបំបែកកំណត់ត្រាប្រវត្តសាស្រ្តមួយនេះ ក្រុមវិសាខា ចាំបាច់ត្រូវការឈ្នះ ឬស្មើការប្រកួតចុងក្រោយក្នុងពូល G ជាមួយក្លិបជើងឯករងលីគកំពូលម៉ាឡេស៊ី Kedah Darul Aman FC នៅការប្រកួតថ្ងៃស្អែក វេលាម៉ោង ០៨៖០០នាទីយប់ នៅកីឡដ្ឋាន Kapten I Wayan Dipta ជាមុនសិន។
ក្នុងសន្និសីទសាព័ត៌មានមុនការប្រកួតមកដល់គ្រូបង្វឹកនៃក្លិបបាល់ទាត់តំណាងប្រទេសទាំង២ សុទ្ធសឹងតែប្ដេជ្ញាយកជ័យជម្នះរៀងៗខ្លួន។ ដោយតាមរយៈគេហទំព័រសហព័ន្ធកីឡាបាល់ទាត់អាស៊ី AFC គ្រូបង្វឹកវិសាខា លោក មាស ចាន់ណា ដែលប្រកួតចុងក្រោយនាំក្រុមបំបាក់ម្ចាស់ផ្ទះបាលី យ៉ាងត្រចេះត្រចង់ ៥-២ បានលើកឡើងថា៖ «ខ្ញុំកំពុងជំរុញកីឡាករឱ្យផ្តោតការយកចិត្តទុកដាក់ និងលើកទឹកចិត្តពួកគេ ហើយខ្ញុំអាចមើលឃើញថាពួកគេមិនទាន់ពេញចិត្តនូវអ្វីដែលយើងសម្រេចបាននៅ AFC Cup ហើយពួកគេស្រេកឃ្លានបន្ថែមទៀត។ ខ្ញុំបានប្រាប់ពួកគេថា យើងជិតបង្កើតប្រវត្តិសាស្ត្រ ហើយយើងពិតជារំភើបណាស់ក្នុងការមានឱកាសនោះ។ យើងចង់ឈានទៅជុំបន្ទាប់ក្នុងនាមជាតំណាងកម្ពុជាដើម្បីបង្ហាញពីការរីកចម្រើនក្នុងកម្រិតនៃលីគក្នុងស្រុករបស់យើង និងបាល់ទាត់របស់យើង។ ការរៀបចំរបស់យើងបានល្អពេញមួយការប្រកួត ហើយយើងកំពុងរក្សាកម្រិតខ្ពស់នោះនៅមុនការប្រកួតនេះជាមួយពួកគេ។ កីឡាករមានស្មារតីខ្ពស់នាពេលនេះ ហើយយើងបានត្រៀមខ្លួនជាស្រេចទាំងផ្លូវចិត្ត និងផ្លូវកាយ។ យើងបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួតនៅថ្ងៃព្រហស្បតិ៍ ហើយយើងផ្តោតលើការទទួលបានបីពិន្ទុបន្ថែមទៀត»។
ស្របពេលជាមួយគ្នានេះ គូប្រកួត Kedah បានវាយបកវិញពីការចាញ់ក្នុងថ្ងៃបើកឆាករបស់ពួកគេក្រោមស្នាដៃក្រុម Bali ជាមួយនឹងជ័យជម្នះ ៤-១ លើ Kaya ក្នុងការប្រកួតថ្ងៃទី២ ដែលមើលឃើញពួកគេត្រលប់មកវិញក្នុងការរាប់រកកៅអីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតំបន់អាស៊ាន។ គ្រូបង្វឹកសញ្ជាតិសិង្ហបុរី Aidil Sharin បាននិយាយថា៖ «យើងដឹងថាវិសាខាគឺជាក្រុមដ៏ល្អមួយ យើងក៏គោរពពួកគេផងដែរ ប៉ុន្តែយើងចង់រកបានបីពិន្ទុ។យើងមិនមានកីឡាកររបួសទេ យើងបានជាសះស្បើយពីការប្រកួតចុងក្រោយ ហើយកម្រិតនៃការលើកទឹកចិត្ត និងទំនុកចិត្តរបស់យើងគឺល្អបន្ទាប់ពីយើងឈ្នះលើ Kaya ។ ជ័យជម្នះនឹងធ្វើឱ្យយើងឈានទៅជុំបន្ទាប់ ហើយយើងនឹងប្រឹងប្រែងទាំងអស់ដើម្បីសម្រេចបានវា»។
គួរបញ្ជាក់ផងដែរថាក្រៅពីការប្រកួតរបស់ក្រុមវិសាខានៅប្រទេសឥណ្ឌូនេស៊ី ក្នុងថ្ងៃទី៣០ ស្អែកនេះដដែល ក្រុមកម្ពុជាមួយទៀតគឺ ភ្នំពេញក្រោន ក៏ត្រូវប្រកួតបង្ត្រប់កិច្ចបិទពូល I ជាមួយក្រុមឡាវ Young Elephant FC នៅវេលាម៉ោង ០៩៖០០នាទីយប់ នៅកីឡដ្ឋាន Thong Nhat ទីក្រុងហូជីមិញប្រទេសវៀតណាម៕
រូបភាព៖ VSK &AFC