(Khmer) វាមិនមែនជារឿងចៃដន្យសោះឡើយ តែវាអាចនិយាយបានជាសំណាងបូកជាមួយគុណភាព ដែលវិសាខាកំពុងធ្វើបានល្អក្នុងពានរង្វាន់ AFC Cup 2022 វគ្គជម្រុះក្នុងពូល G ក្រោយបង្ហាញខ្លួន២ប្រកួត ឈ្នះទាំង២ប្រកួតហើយមានភាគរយខ្ពស់ជាងគេក្នុងឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រអន្តរតំបន់។
ហេតុអ្វីថាសំណាង? ក្នុងនាមជាជើងឯកពានសម្ដេចហ៊ុនសែន វិសាខាទទួលបានកៅអីវគ្គជម្រុះ play0ff ពាន AFC Cup 2022 តែប៉ុណ្ណោះពីកៅអី មួយកន្លះដែលក្លិបកម្ពុជាទទួលបាន ខណៈដែលភ្នំពេញក្រោនជាម្ចាស់ជើងលីគកម្ពុជាទទួលបានកៅអីវគ្គជម្រុះក្នុងពូលស្វ័យប្រវត្តិ។ វគ្គជម្រុះ play0ff តំបន់អាស៊ាន ក្រុមសេះស មួយនេះត្រូវលេងតទល់នឹង Young Elephant របស់ឡាវ។ បើក្រុមណាឈ្នះនឹងឡើងទៅវគ្គជម្រុះក្នុងពូល។
អ្វីដែលចំណេញ! ក្រុមទាំងពីរមិនចាំបាច់លេងវគ្គនេះឡើយ គឺត្រូវឡើងមកវគ្គជម្រុះក្នុងពូល G និង I រៀងៗខ្លួនដោយសារតែក្លិបមីយ៉ាន់ម៉ាចំនួន២គឺ Shan United និង Hantharwady United ដែលមានកៅអីក្នុងពូលស្រាប់ ត្រូវដកខ្លួនចេញដោយសារបញ្ហាកូវីដ និងបញ្ហានយោបាយក្នុងប្រទេស។
បើនិយាយអំពីគុណភាព ចូលមកដល់ក្នុងពូលគ្មាននរណារំពឹងថាវិសាខាធ្វើបានល្អបែនេះនោះឡើយ ពីព្រោះពួកគេជាក្លិបថ្មីថ្មោងបំផុតដែលមានបទពិសោធន៍លេងពានអន្តរជាតិទទួលស្គាល់ពី AFC ប្រកួតទីមួយបានយកឈ្នះ Kaya FC របស់ហ្វីលីពីន២ទល់១។ របូតគ្រាប់បាល់មុនគឺជាអ្វីដែលពួកគេធ្វើឱ្យអ្នកគាំទ្រសឹងតែអស់សង្ឃឹម ប៉ុន្តែការវាយបកយក២គ្រាប់ពី កែន ចាន់សុភ័ក្ត្រ និងសារ ទីជាមួយនឹងការបង្ហាញគុណផលលេងដ៏ជក់ភ្នែកក្រោម ការដឹកនាំរបស់លោក មាស ចាន់ណា ធ្វើឱ្យពួកគេបានក្លាយជាក្លិបច្បាស់ជើងឯកពាន Hun Sen Cup 2021 ឈ្នះការប្រកួតដំបូងក្នុងប្រវត្តិសាស្រ្តក្លិបកម្ពុជាលេងនៅ AFC Cup ។
ការប្រកួតទី២ប៉ះជាមួយ Bali United ត្រូវបានគេរំពឹងថា ម្ចាស់ពានសម្ដេចហ៊ុន សែន២សម័យកាលមួយនេះកំពុងតែជួបឧបសគ្គធំក្នុងប្រវត្តិសាស្រ្តពានអន្តរជាតិរបស់ខ្លួន។ មិនខុសពីការប្រកួតទីមួយ! ការរបូតគ្រាប់បាល់មុន ជារឿងមួយដែលធ្វើភាគរយនៃការឈ្នះត្រូវថមថយ។ ប៉ុន្តែការសហការគ្នាក្នុងក្រុម បូកជាមួយការបង្ហាញគុណផលលេងរបស់កីឡាករម្នាក់ៗក្នុងក្រុម បានធ្វើឱ្យពួកគេវាយបកយក៥គ្រាប់យ៉ាងរន្ថើន។ ២គ្រាប់របស់អ៊ុក សុវណ្ណ និង Paulo Victor និងមួយគ្រាប់របស់ Lee Jae-Gun ធ្វើឱ្យក្លិបមួយនេះរកបានជ័យជម្នះ២ប្រកួតជាប់គ្នាគួរឱ្យភ្ញាក់ផ្អើល។
នេះមានន័យថាវិសាខាគឺជាក្លិបជើងឯក Cup របស់កម្ពុជាដំបូងគេដែលរកបានជ័យជម្នះ២ប្រកួតជាប់គ្នាក្នុងវគ្គជម្រុះក្នុងពូល។ បឹងកេតធ្លាប់ឈ្នះ២ប្រកួតក្នុងវគ្គជម្រុះក្នុងពូលដែរ តែក្នុងនាមជាជើងឯកលីគកំពូលកម្ពុជា ហើយមិនបានឈ្នះការប្រកួត២លើកជាប់គ្នាបែបនេះទេ។
សម្រាប់ការប្រកួតចុងក្រោយ! វិសាខានឹងត្រូវជួបក្រុម Kedah Darul Aman របស់ម៉ាឡេស៊ីដែលលេង២ប្រកួតឈ្នះមួយនិងចាញ់១ នៅថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២២។ ការប្រកួតនេះ វិសាខាត្រូវការឈ្នះជាចាំបាច់ដើម្បីរក្សាតំណែងកំពូលតារាងពូល G ដើម្បីឡើងទៅវគ្គ ASEAN Zonal semi-finals ដេលលេងតែមួយជើងតែប៉ុណ្ណោះ៕
អត្ថបទដើម៖ ផេកពានរង្វាន់សម្ដេចហ៊ុន សែន