(Khmer) គណៈកម្មាធិការប្រតិបត្តិនៃសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) នៅថ្ងៃនេះ បានប្រកាសពីយុគសម័យថ្មីសម្រាប់បាល់ទាត់ក្លឹបអាស៊ី ដោយបង្ហាញឈ្មោះពានរង្វាន់សម្រាប់ក្លិបអាជីពថ្មីចំនួន ៣ រួមជាមួយនឹងការបង្កើនថវិកាយ៉ាងច្រើនសម្រាប់ក្រុមចូលរួមចំនួន ៧៦ ក៏ដូចជាការប្រកាសពីការដាក់ឱ្យប្រកួតប្រជែងពានរង្វាន់ក្លិបអាជីពនារី AFC Women’s Champions League។
គំនិតផ្តួចផ្តើមគំនិតថ្មីចំនួនបីដែលមានគោលបំណងជំរុញបាល់ទាត់អាស៊ីឡើងដល់កម្ពស់ថ្មី ជំរុញកំណើនការប្រកួតប្រជែង និងការរួមបញ្ចូលគ្នាកាន់តែស្អិតរមួត ដែលពានទាំងនេះនឹងចូលជាធរមានចាប់ពីរដូវកាល ២០២៤-២០២៥។ ពានរង្វាន់ទាំងបីនោះគឺ៖
-AFC Champions League Elite (ACLE) គឺជាពាននរង្វាន់ដែលស្ថិតក្នុងកម្រិតខ្ពស់បំផុតមានក្លិបកំពូលៗ ២៧ក្រុម របស់ទ្វីបអាស៊ី
-ខណៈកម្រិតទីពីរមាន 32 ក្រុមនឹងត្រូវបានគេហៅថា AFC Champions League 2 (ACL2)
-កម្រិតចុងក្រោយគឺក្លឹបចំនួន 20 ប្រកួតប្រជែងគ្នាហៅថា AFC Challenge League (ACGL)។
លើសពីនេះ ក្រុមជើងឯក AFC Champions League Elite (ACLE) គ្រោងនឹងផ្តល់រង្វាន់សរុបចំនួន 12 លានដុល្លារ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ ខណៈដែលម្ចាស់ជើងឯកចុងក្រោយនៃពានរង្វាន់ក្លឹបទ្វីបដ៏មានកិត្យានុភាពនេះនឹងទទួលបានតែ 4 លានដុល្លារក្នុងរដូវកាល 2023/24 នេះ។
ផ្ទុយទៅវិញ ក្រុមជើងឯករង AFC Champions League Elite (ACLE) នឹងទទួលបាន 6 លានដុល្លារខណៈជើងរងឆ្នាំនេះបានតែ 2 លានដុល្លារប៉ុណ្ណោះ។ ចំណែកពានលំដាប់ទី២ ACL2 និង ACGL ត្រូវប្រកួតហើយក្រុមឈ្នះនឹងទទួលបានប្រាក់រង្វាន់ និងកៅអីឡើងទៅបានធំបន្តបន្ទាប់ទៀត។
ពានរង្វាន់ក្លិបអាជីពសម្រាប់នារីហៅថា AFC Women’s Champions League នឹងត្រូវបង្កើតឡើងហើយក្លិបបាល់ទាត់នារីដែលជាសមាជិគរបស់ AFC ទាំងអស់ដែលទទួលបានការអញ្ជើញឱ្យចូលរួម ដោយមានប្រាក់រង្វាន់សមរម្យ ដែលនឹងត្រូវបានប្រកាសក្នុងពេលកំណត់ណាមួយ។
AFC បានរៀបចំដោយជោគជ័យនូវការប្រកួតជើងឯក AFC Women’s Club Championship ចំនួនពីរលើកនៅឆ្នាំ 2021 និង 2022 ជាមួយនឹងការប្រកួតលើកទី 3 ដែលគ្រោងនឹងធ្វើឡើងនៅចុងឆ្នាំនេះ។
ប្រភព៖ AFC