ads
FA របស់ន័រវេសការពារ VAR ទោះបីក្លិបមានការជំទាស់ក៏ដោយ
30-January-2025

សហព័ន្ធកីឡាបាល់ទាត់ន័រវេស NFF បានបញ្ជាក់ថាខ្លួនលួនពេញចិត្តក្នុងការរក្សាវីដេអូជំនួយអាជ្ញាកណ្តាល VAR ទោះបីជាមានការប្រឆាំងយ៉ាងខ្លាំងពីក្លិប និងអ្នកគាំទ្រក៏ដោយ។

កាលពីរដូវកាលមុន ការប្រកួតរបស់ក្រុម Rosenborg និង Lillestrom ក្នុងក្របខណ្ឌលីគកំពូល ន័រវេស Norwegian Eliteserien ត្រូវបានលុបចោល នៅពេលអ្នកគាំទ្របានគប់នំត្រី គ្រាប់បាល់វាយកូនបាល់ និងគ្រាប់បែកផ្សែងទៅលើទីលាន ដើម្បីតវ៉ាប្រឆាំងនឹងការប្រើប្រាស់ VAR។ អ្នកគាំទ្រអះអាងថា បច្ចេកវិទ្យាដែលត្រូវបានណែនាំនៅក្នុងប្រទេសន័រវេសក្នុងឆ្នាំ ២០២៣ រំខានដល់លំហូរនៃការប្រកួត ខណៈដែលក្លិបនានា ក៏បាននិយាយផងដែរថាកំណែបច្ចុប្បន្នមិនដំណើរការត្រឹមត្រូវទ្បើយ។

ប្រធាន NFF លោកស្រី Lise Klaveness បាននិយាយថា អ្វីដែលល្អបំផុតសម្រាប់បាល់ទាត់ន័រវេសគឺ “ថែរក្សា និងអភិវឌ្ឍ” VAR ។ កាលពីសប្តាហ៍មុន ស្ថាប័ន Norsk Topfotball ដែលតំណាងឱ្យក្លិបចំនួន ៣២ នៅក្នុងក្របខណ្ឌកំពូលទាំង ២ របស់ប្រទេសន័រវេស បានបោះឆ្នោតលុបចោល VAR “ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ។ ជាមួយគ្នា NFF នឹងជជែកវែកញែកអំពីជំហររបស់ខ្លួនក្នុងការប្រមូលផ្តុំដែលពាក់ព័ន្ធនឹងក្លិបអាជីព និងស្ម័គ្រចិត្ត ព្រមទាំងតំណាងក្រុមនារីផងដែរ។ ការ​សម្រេច​ចិត្ត​ថា​តើ​ត្រូវ​រក្សា​ VAR ​ឬ​អត់​នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​នៅ​ដើម​ខែ​មីនា ឆ្នាំ២០២៥ ខាងមុខនេះ៕

ប្រភព៖ BBC

 

ads