(Khmer) កម្លាំងអាវុធហត្ថក្រុងផាមឿង បង្ក្រាបក្រុមរត់ពន្ធគ្រឿងញៀនយ៉ាងសាហាវ រឹបអូសកាបូបស្ពាយ៥ ខាងក្នុងរកឃើញថ្នាំញៀនមេតំហ្វេតាមីន ១លានគ្រាប់ មានស្លាកសញ្ញាឡូហ្គោក្លិបបិសាចក្រហម Manchester United។
នៅថ្ងៃទី 5 ខែកញ្ញា ឆ្នាំ 2024 កម្លាំងអាវុធហត្ថក្រុងផាមឿងដោយសហការជាមួយប៉ូលិសក្នុងតំបន់ កំពុងបំពេញបេសកកម្មល្បាតនៅតំបន់ Ban Pha Taek ស្រុក Wiang Pang Kham និងស្រុក Mae Sai ខេត្ត Chiang Rai បានរកឃើញក្រុមមនុស្សគួរឱ្យសង្ស័យ។ ហេតុនេះសមត្ថកិច្ចបានកំណត់អត្តសញ្ញាណដើម្បីសុំធ្វើការស្រាវជ្រាវ ។
ក្រោយមកក៏មានការប៉ះទង្គិចគ្នាដោយអាវុធមួយប្រាវជាមួយក្រុមជួញដូរគ្រឿងញៀន។ ការប៉ះទង្គិចគ្នានេះបណ្តាលឱ្យមន្ត្រីមានរបួសតែមិនមានគ្រោះថ្នាក់ដល់ជីវិតទេ ចំណែកជនដៃដល់បានរត់គេចខ្លួនបាត់ ។
បន្ទាប់មកកម្លាំងជំនាញបានចុះត្រួតពិនិត្យ និងឆែកឆេរក្នុងមូលដ្ឋាន បានរកឃើញកាបូបស្ពាយកែឆ្នៃចំនួន ០៥ កញ្ចប់មានថ្នាំមេតំហ្វេតាមីនចំនួន ២០០,០០០ គ្រាប់ក្នុងមួយថង់ សរុបចំនួន ១,០០០,០០០ គ្រាប់។ ពួកគេបានរឹបអូសថ្នាំញៀននោះ ហើយបានរកឃើញថាកញ្ចប់ថ្នាំមេតំហ្វេតាមីនត្រូវបានបោះត្រាដោយឡូហ្គោរបស់ក្លិបបាល់ទាត់ដ៏ល្បីរបស់អង់គ្លេសគឺ Manchester United។