(Khmer) យោងតាមរបាយការណ៍ថ្មីមួយបានឱ្យដឹងថា Jadon Sancho គ្មានចេតនាចង់វិលត្រលប់ទៅ Manchester United វិញទេ ប្រសិនបើគ្រូបង្វឹកលោក Erik ten Hag មិនត្រូវបានគេបណ្តេញចេញ។
Sancho ដែលបច្ចុប្បន្នកំពុងលេងឱ្យអតីតក្លឹប Dortmund ក្នុងល័ក្ខខណ្ឌខ្ចីជើង បន្ទាប់ពីមានជម្លោះដ៏ធំជាមួយគ្រូបង្វឹកសញ្ជាតិហូឡង់ បានបញ្ជាក់ថា នៅពេលនេះខ្ញុំមិនមានចេតនាចង់ត្រលប់ទៅ Man United វិញទេ។
បិសាចក្រហមបានទិញកីឡាកររូបនេះកាលពីឆ្នាំ ២០២១ក្នុងតម្លៃជាង៩៣លានដុល្លារ ប៉ុន្តែប្រសិនបើ លោកTen Hag នៅតែបន្តអង្គុយកៅអីគ្រូបង្វឹកសម្រាប់រដូវកាល ២០២៤-២៥ នោះ កីឡាករវ័យ ២៣ ឆ្នាំអាចនឹងបន្តស្នាក់នៅ ជាអចិន្ត្រៃយ៍ជាមួយ Dortmund ខណៈអនាគតរបស់គាត់នៅក្នុងក្រុមជម្រើសជាតិអង់គ្លេសមើលទៅមានកម្រិត។
The Sun រាយការណ៍ថា Manchester United អាចនឹងទទួលយកសំណើរជាង៤៤លានដុល្លារពី Dortmund សម្រាប់ការផ្ទេរអចិន្ត្រៃយ៍។ Sancho និង Ten Hag មើលមុខមិនចំគ្នាទេបន្ទាប់ពីកីឡាករបានហៅគ្រូបង្វឹកថាជាមនុស្សកុហក់ដែលអះអាងថាគាត់ធ្វើមិនបានល្អក្នុងពេលហ្វឹកហាត់។
កីឡាករវ័យ ២៣ ឆ្នាំរូបនេះបានបដិសេធមិនសុំទោសចំពោះទង្វើរបស់គាត់ដែលបង្កភាពតានតឹងបជាមួយអ្នកចាត់ការសញ្ជាតិហូឡង់៕