(Khmer) នាង Yesica Frias អតីតភរិយារបស់ខ្សែបម្រើការពារក្រុមជម្រើសជាតិអាហ្សង់ទីនគឺកីឡាករ Exequiel Palacios ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹបបាល់ទាត់អាល្លឺម៉ង់ Leverkusen បានគំរាមថានាងនឹងដាក់លក់ដេញថ្លៃវត្ថុអនុស្សាវរីយ៍ដ៏មានតម្លៃទាំងអស់ រួមទាំងមេដាយ ដែលបានឈ្នះនៅប្រទេសកាតា ប្រសិនបើកីឡាកររូបនេះមិនជួយបង់រំលស់ផ្ទះល្វែង ដែលនាងកំពុងរស់នៅ។ នេះបើយោងតាមការចេញផ្សាយរបស់កាសែតអង់គ្លេសThe sun ។
Yesica Frias បានប្រាប់ទូរទស្សន៍អាហ្សង់ទីនក្រោយត្រឡប់ពីប្រទេសអាល្លឺម៉ងថា Palacios បានប្រាប់ខ្ញុំថាគាត់នឹងមិនសងអ្វីដែលជំពាក់នោះទេ ពីព្រោះគាត់មិនដឹងថាគាត់នឹងរក្សាទុកផ្ទះល្វែងឬអត់។ ខ្ញុំគ្រាន់តែសុំឱ្យគាត់ចុះហត្ថលេខាលើការលែងលះ ហើយផ្តល់ឱ្យខ្ញុំនូវអ្វីដែលជាទ្រព្យសម្បត្តិរួមគ្នា។
Yesica បានបន្ថែមថា ខ្ញុំនឹងលក់វត្ថុអនុស្សាវរីយ៍ទាំងអស់ដែលគាត់ធ្លាប់បានផ្តល់អំណោយដល់ខ្ញុំចាប់តាំងពីពេលបានជួបគ្នានៅក្នុងក្លឹបរាត្រី Buenos Aires ក្នុងឆ្នាំ ២០១៨ ខណៈដែលគាត់កំពុងលេងឱ្យ River Plate ។ វាជាអ្វីដែលខ្ញុំនឹងធ្វើ។ នាងបន្តថា ខ្ញុំនឹងដាក់លក់ដេញថ្លៃគ្រប់យ៉ាងដើម្បីចំណាយលើអចលនទ្រព្យប្រសិនបើខ្ញុំត្រូវការវា។
ខ្ញុំមានអាវមួយចំនួនដែល Exequiel Palacios ផ្តល់ឱ្យខ្ញុំ ហើយមានរបស់មានតម្លៃមួយចំនួនទៀត ដូចជាមេដាយអ្នកឈ្នះ World Cup របស់គាត់ជាដើម។ខ្ញុំនឹងលក់របស់ដែលសំខាន់បំផុតដែលគាត់មានក្នុងនាមជាកីឡាករបាល់ទាត់ដើម្បីជម្រះបំណុលព្រោះខ្ញុំត្រូវកន្លែងដើម្បីរស់នៅ៕