(Khmer) Lukas Podolski អតីតខ្សែប្រយុទ្ធកាំភ្លើងធំ Arsenal ដែលបច្ចុប្បន្នកំពុងលេងអោយក្លឹបបាល់ទាត់ Gornik Zabrze របស់លីកកំពូលប៉ូឡូញ បានកសាងអាណាចក្រជំនួញផ្ទាល់ខ្លួនមួយមានតម្លៃ ជាង២២៣លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រm.allfootballapp.com ។
Lukas Podolski បានបង្កើតអាជីវកម្មចំនួនពីរគឺភោជនីយដ្ឋាន kebab និងការ៉េម នៅប្រទេសកំណើតរបស់គាត់ នៅអាល្លឺម៉ង់។ Podolski បានបើកដំណើរការម៉ាកបង្អែមរបស់គាត់ជាលើកដំបូងគឺ Ice Cream United ក្នុងឆ្នាំ ២០១៧ ពីរឆ្នាំបន្ទាប់ពីចាកចេញពី Arsenal ។
អាជីវកម្មនេះត្រូវបានបង្កើតឡើងនៅក្នុងស្រុកមួយក្នុងទីក្រុងKoln ដែលជាក្លឹបបាល់ទាត់អាជីពដំបូងរបស់គាត់។ មួយឆ្នាំក្រោយមក ហាង Mangal Doner kebab ដំបូងរបស់គាត់បានបើកនៅក្នុងទីក្រុង ហើយឥឡូវនេះមានសាខាប្រហែល ៣០ នៅទូទាំងប្រទេសអាល្លឺម៉ង់។ភាពប៉ិនប្រសប់ក្នុងអាជីវកម្មរបស់គាត់បានបង្កើនទ្រព្យសម្បត្តិរបស់គាត់ដល់ជាង២២៣លានដុល្លារ។តួលេខនោះរួមបញ្ចូលប្រាក់ចំណូលពីអាជីពជាកីឡាករផងដែរ៕