ads
ads
(Khmer) អង់គ្លេសប្រឈមមុខនឹងការជិះឡានក្រុងទៅប្រកួតយូរ៉ូ នៅអាល្លឺម៉ង់
15-February-2024

(Khmer) កីឡាកររបស់ក្រុមជម្រើសជាតិតោកំណាចអង់គ្លេសកំពុងប្រឈមមុខនឹងការធ្វើដំណើរតាមរថយន្តក្រុងរយៈពេល៦ម៉ោង ដើម្បីទៅដល់ទីកន្លែងប្រកួតពានរង្វាន់អឺរ៉ុបរបស់ពួកគេជាមួយនឹងក្រុមជម្រើសជាតិប្រទេសដាណឺម៉ាកនៅរដូវក្តៅនេះ ដោយសារតែច្បាប់និរន្តរភាពរបស់ UEFA ។នេះបើយោងតាមការចេញផ្សាយរបស់Daily Mail ។

UEFA បានប្តេជ្ញាធ្វើឱ្យការប្រកួតពានរង្វាន់យូរ៉ូរដូវក្តៅ នៅប្រទេសអាល្លឺម៉ង់មានបរិស្ថានខៀវបំផុត ដែលមិនធ្លាប់មានជាមួយនឹងគម្រោងចំណាយប្រាក់ជាង ៣១លានដុល្លារលើវិធានការនិរន្តរភាពជាច្រើន ដែលរួមមានការស្នើសុំឱ្យក្រុមជម្រើសជាតិនីមួយៗ ជៀសវាងការធ្វើដំណើរតាមយន្តហោះប្រសិនបើអាចធ្វើទៅបាន។ ការណែនាំរបស់ UEFA ត្រូវបានគេយល់ថា វាសមហេតុផលក្នុងការរំពឹងថាក្រុមជម្រើសជាតិនានានឹងធ្វើដំណើរប្រហែល ៣ម៉ោងតាមផ្លូវគោក ឬផ្លូវដែក ដើម្បីកាត់បន្ថយការបំភាយឧស្ម័ន ទោះបីជាវាមិនត្រូវបានកំណត់ដាច់ខាតក៏ដោយ។

Daily Mail បានរាយការណ៍ថាបន្ទាប់ពីប្រជុំជាមួយលោក Gareth Southgate សមាគមបាល់ទាត់អង់គ្លេស FA បានសម្រេចធ្វើតាមការណែនាំរបស់ UEFA សម្រាប់ការប្រកួតពូល C ទីពីររបស់អង់គ្លេសជាមួយក្រុមដាណឺម៉ាកនៅទីក្រុង Frankfurt ដែលមានចម្ងាយជាង ២៨៩ គីឡូម៉ែត្រ ពីជំរុំហ្វឹកហាត់របស់ពួកគេនៅឯ Golfrestort Weimarer Land ក្បែរទីក្រុងLeipzig ។

ការប្រកួតក្នុងពូលពីរផ្សេងទៀតរបស់អង់គ្លេសនៅ Gelsenkirchen និង Cologne ទល់នឹងក្រុមជម្រើសជាតិ ស៊ែប៊ី និងស្លូវេនី គឺត្រូវប្រើពេលជាង ៤ម៉ោងពីជំរំរបស់ពួកគេតាមផ្លូវថ្នល់ ដូច្នេះការធ្វើដំណើរតាមរថយន្តក្រុងត្រូវបានគេចាត់ទុកថាជាការពិបាក។ ទោះបីជាយ៉ាងណាក៏ដោយ ការធ្វើដំណើរតាមរថយន្តក្រុងរយៈពេល ៣ម៉ោងវានៅតែមិនធម្មតាសម្រាប់កីឡាករលំដាប់អភិជន ដែលភាគច្រើនមានទម្លាប់ក្នុងការហោះហើរក្នុងរយៈពេលប៉ុន្មាននាទីដើម្បីធ្វើដំណើរទៅប្រកួតជាមួយក្លឹបរបស់ពួកគេ។

Arsenal ត្រូវបានរិះគន់យ៉ាងខ្លាំងដោយអ្នកធ្វើយុទ្ធនាការបរិស្ថានចំពោះការហោះហើររយៈពេល ១៤នាទីទៅកាន់ Norwich សម្រាប់ការប្រកួតក្របខ័ណ្ឌ Premier League កាលពីប៉ុន្មានឆ្នាំមុន ខណៈដែលក្លឹបផ្សេងទៀតតែងតែហោះហើរចម្ងាយខ្លីជាឧទាហរណ៍ដូចជាក្លឹបManchester United ធ្វើដំណើរទៅកាន់ Leicester City តាមយន្តហោះ។

ការសម្រេចចិត្តរបស់ FA ក្នុងការធ្វើដំណើរតាមរថយន្តក្រុងនឹងបន្ថែមទៅលើពេលវេលាធ្វើដំណើររបស់កីឡាករ ដោយសារអាកាសយានដ្ឋានដែលនៅជិតសណ្ឋាគារបំផុតរបស់ពួកគេមានចម្ងាយត្រឹមតែ៤៨គីឡូម៉ែត្រនៅតំបន់ Erfurt-Weimar ដែលការហោះហើររយៈពេល ៣១នាទីទៅកាន់ទីក្រុង Frankfurt ។

សមាគមបាល់ទាត់អង់គ្លេស FA និងប្រទេសប្រកួតប្រជែងផ្សេងទៀតមានពេលរហូតដល់ថ្ងៃទី២៤ ខែកុម្ភៈ ដើម្បីដាក់ផែនការធ្វើដំណើររបស់ពួកគេទៅកាន់ UEFA ៕

ads
ads