ads
ads
(Khmer) FIFA ៖ បណ្តាក្លឹបចំណាយលុយ ៩,៦៣ពាន់លានដុល្លា លើការផ្ទេរកីឡាករក្នុងឆ្នាំ២០២៣
01-February-2024

(Khmer) ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFAបាននិយាយនៅក្នុងរបាយការណ៍ប្រចាំឆ្នំារបស់ខ្លួនចេញផ្សាយកាលពីថ្ងៃអង្គារទី៣០ ខែមករាឆ្នាំ ២០២៤ ថាក្លឹបបាល់ទាត់ទូទាំងពិភពលោកបានចំណាយលុយរហូតដល់ ៩,៦៣ ពាន់លានដុល្លារអាមេរិក លើការផ្ទេរកីឡាករអន្តរជាតិក្នុងឆ្នាំ២០២៣ កើនឡើងជិត ៥០ភាគរយបើធៀបនឹងឆ្នាំ ២០២២។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuter ។

បន្ទាប់ពីការចំណាយលើការផ្ទេរកីឡាករបានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងឆ្នាំ២០២០ និង ២០២១ ដោយសារផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ ដែលបណ្តាលមកពីជំងឺរាតត្បាត Covid-19 ។ ការចំណាយលើកីឡាករបានកើនឡើងត្រឹមតែ ៤៨,១ភាគរយ បើធៀបនឹងឆ្នាំ២០២២។

តួលេខនេះក៏បានបំបែកកំណត់ត្រាមុន ដែលបានកំណត់ក្នុងឆ្នាំ២០១៩ ​ដែលមានចំនួនច្រើនជាង ២ពាន់លានដុល្លារអាមេរិក ហើយក្លឹបអង់គ្លេសបានចំណាយច្រើនបំផុតជាមួយនឹងទឹកប្រាក់ចំនួន២,៩៦ ពាន់លានដុល្លារ ខណៈដែលសមាគមរបស់ប្រទេសចំនួន៤ ទទួលបានថ្លៃផ្ទេរច្រើនជាង ១ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៣។

ប្រទេសអង់គ្លេសត្រូវបានតាមពីក្រោយ ដោយប្រទេសអារ៉ាប៊ីសាអូឌីត ដែលបានព្យាយាមទាក់ទាញកីឡាករឆ្នើមមួយចំនួនពីក្លឹបបាល់ទាត់អឺរ៉ុបមកកាន់លីកបាល់ទាត់របស់ខ្លួន Saudi Pro League កាលពីឆ្នាំមុន បន្ទាប់ពីការចុះហត្ថលេខាលើកីឡាករ Cristiano Ronaldo និងក្រោយៗមកទៀតមានកីឡាករជាច្រើនបានផ្លាស់មកមជ្ឈឹមបូព៌ាដែរ។

FIFA បាននិយាយថា ក្លឹបមកពីប្រទេសអារ៉ាប៊ីសាអូឌីតស្ថិតក្នុងចំណោមប្រទេសកំពូលទាំង៥ដែលចំណាយលុយច្រើនជាលើកដំបូងជាមួយនឹងទឹកប្រាក់សរុបចំនួន ៩៧០លានដុល្លារក្នុងឆ្នាំ ២០២៣ ធៀបនឹង៥០,៤ លានដុល្លារក្នុងឆ្នាំ២០២២ ។

របាយការណ៍របស់ FIFA ក៏បានអោយដឹងទៀតថា ក្លឹបបាល់ទាត់អាល្លឺម៉ង់ គឺជាអ្នកទទួលថ្លៃផ្ទេរលេខមួយជាមួយនឹងទឹកប្រាក់សរុបជិត១,២១ ពាន់លានដុល្លារអាមេរិក ។ វាជាលើកទីមួយហើយដែលក្លឹបមកពីប្រទេសមួយទទួលបានថ្លៃផ្ទេរច្រើនជាង១ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ចំណែកឯប្រទេស៣ទៀត ដែលទទួលបានថ្លៃផ្ទេរខ្ទង់ពាន់ដែររួមមាន៖បារាំង១,១៩ពាន់លានដុល្លារ អង់គ្លេស១,០៤ ពាន់លានដុល្លារ និងអ៊ីតាលី ១,០២ពាន់លានដុល្លារ។

ការផ្ទេរកីឡាករកំពូលៗរួមមាន Jude Bellingham ពី  Dortmund ទៅ Real Madrid, Enzo Fernandez ពី Benfica ទៅ Chelsea និង Harry Kane ពី Tottenham  ទៅ Bayern ។ការផ្ទេរកីឡាករកំពូលៗទាំង ១០ បានបង្កើតទឹកប្រាក់ច្រើនជាង ១០ភាគរយនៃការចំណាយសរុបទៅលើថ្លៃផ្ទេរក្នុងឆ្នាំ២០២៣។

ដោយឡែកបាល់ទាត់នារីក៏មានការផ្ទេរច្រើនជាង២០ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ ២០២២ ដោយចំនួនក្លឹបដែលពាក់ព័ន្ធបានកើនឡើងពី ៥០៧ក្នុងឆ្នាំ២០២២ ដល់ ៦២៣ ក្នុងឆ្នាំ ២០២៣។

FIFAបាននិយាយថាប្រទេសចំនួន១៣១ បានចូលរួមក្នុងការផ្ទេរកីឡាការិនីចំនួន ១៨៨៨នាក់ ជាមួយនឹងទឹកប្រាក់ប្រចាំឆ្នាំចំនួន ៦,១ លានដុល្លារ ដែលជាកំណត់ត្រាមួយផងដែរ និងកើនឡើង៨៤,២ភាគរយបើធៀបទៅនឹងឆ្នាំ២០២២៕

ads
ads