(Khmer) ស្ថាប័នគ្រប់គ្រងបាល់ទាត់អង់គ្លេសរួមមាន FA, Premier League, EFL និង PGMOL បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា យើងមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីឧប្បត្តិហេតុនៃអំពើហិង្សា ការរើសអើង និងការលុកលុយចូលទីលានប្រកូត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានReuter ។
សេចក្តីថ្លែងការណ៍រួមបាននិយាយថា សកម្មភាពនៃការរើសអើង អំពើហិង្សា និងការចូលទៅក្នុងទីលានប្រកួត គឺជាបទល្មើសព្រហ្មទណ្ឌទាំងអស់ ហើយអ្នកដែលប្រព្រឹត្តិត្រូវទទួលទោសព្រហ្មទណ្ឌ បទបញ្ជាហាមឃាត់បាល់ទាត់ និងការហាមមិនអោយចូលទស្សនាក្នុងពហុកីឡដ្ឋានពេញមួយជីវិត។ទោះបីជាយើងយល់ថាអាកប្បកិរិយានេះត្រូវបានប្រព្រឹត្តិដោយជនមួយចំនួនតូចក៏ដោយ យើងចង់រំលឹកអ្នកគ្រប់គ្នាថាសកម្មភាពទាំងនេះនឹងមិនត្រូវបានអត់ឱនឱ្យទេ។
សេចក្តីថ្លែងការណ៍មិនបានលើកឡើងពីវិធានការ ឬការដាក់ទណ្ឌកម្មថ្មីណាមួយដើម្បីការពារអាកប្បកិរិយាបែបនេះទេ។ សេចក្តីថ្លែងការណ៍រួមក៏ត្រូវបានចុះហត្ថលេខាដោយសមាគមអ្នកគាំទ្របាល់ទាត់ (FSA) ដែលជាស្ថាប័នតំណាងសម្រាប់អ្នកគាំទ្របាល់ទាត់ និងអង្គភាពប៉ូលីសបាល់ទាត់ចក្រភពអង់គ្លេស (UKFPU) ។ ពួកគេបានបន្ថែមថាយើងនឹងធ្វើការជាសមូហភាពជាមួយប៉ូលិសដើម្បីនាំជនល្មើសមកកាត់ទោស និងកម្ចាត់វាចេញពីល្បែងរបស់យើង។
សូមរំឭកថា ការព្រួយបារម្ភនេះបានកើតឡើង បន្ទាប់ពីការប្រកួតពានរង្វាន់ FA Cup កាលពីថ្ងៃអាទិត្យ រវាងក្រុម Wolves និងក្រុម West Brom ត្រូវបានរំខានដោយការប៉ះទង្គិចគ្នាដែលពាក់ព័ន្ធនឹងអ្នកគាំទ្ររបស់ភាគីទាំងពីរដែលបានធ្វើឱ្យមនុស្សជាច្រើនរងរបួស។
កាលពីថ្ងៃសៅរ៍សប្តាហ៍មុន អ្នកទស្សនាម្នាក់បានលុកលុយទីលាននៅ Vale Park ហើយបានដេញអាជ្ញាកណ្តាលចេញពីទីលានក្នុងអំឡុងពេលការប្រកួតនៅ League One រវាង Port Vale និង Portsmouth។
កាលពីដើមខែនេះ Mike Maignan អ្នកចាំទីរបស់ក្លឹប Milan បានប្រឈមមុខនឹងការរើសអើងជាតិសាសន៍ពីអ្នកគាំទ្រក្លឹបUdinese ដែលធ្វើឲ្យមានការថ្កោលទោសពីប្រធាន FIFA លោក Gianni Infantino និងអ្នកផ្សេងទៀត។
កាលពីខែធ្នូ ខ្សែប្រយុទ្ធ Carlton Morris របស់ Luton បានរាយការណ៍ពីការអត្ថាធិប្បាយរើសអើងជាតិសាសន៍ពីហ្វូងមនុស្សអំឡុងពេលការប្រកួត Premier League របស់ពួកគេនៅ Sheffield United ដែលជំរុញឱ្យមានការស៊ើបអង្កេតរបស់ប៉ូលីស។