(Khmer) ក្របខ័ណ្ឌបាល់ទាត់កំពូលអង់គ្លេសPremier League ត្រូវបានផ្តល់ភ្លើងខៀវឲ្យលោកអាជ្ញាកណ្តាលមានសិទ្ធិពន្យល់ពីការសម្រេចចិត្តរបស់ខ្លួនដែលបានមកពីវីដេអូជំនួយការអាជ្ញាកណ្តាល(VAR) ដល់អ្នកគាំទ្រក្នុងអំឡុងពេលប្រកួតនៅរដូវកាលក្រោយ។ នេះគឺជាការផ្លាស់ប្តូរដ៏សំខាន់មួយថ្មីទៀត ដែលធ្វើអោយវិស័យបាល់ទាត់កាន់តែមានភាពសុក្រិត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានDaily Mail។
ប្រភពដដែលបានឲ្យដឹងថាអ្នកបង្កើតច្បាប់បាល់ទាត់របស់ក្រុមប្រឹក្សាសមាគមបាល់ទាត់អន្តរជាតិ(IFAB) បានផ្តល់សិទ្ធិដល់អាជ្ញាកណ្តាលក្នុងការពន្យល់ដល់អ្នកគាំទ្រនៅក្នុងពេលប្រកួត។ ការសម្រេចនេះបានធ្វើឡើងបន្ទាប់ពីការសាកល្បងដោយជោគជ័យក្នុងការប្រកួតក្លឹបបាល់ទាត់នៅម៉ិកស៊ិក និងការប្រកួតពានរង្វាន់ព័រទុយហ្គាល់ League Cup នៅក្នុងខែនេះ។ ការបញ្ជាក់ទទួលស្គាល់ត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅមុនកិច្ចប្រជុំប្រចាំឆ្នាំនៅខែមីនាខណៈការសម្រេចចិត្តចុងក្រោយនឹងធ្វើឡើងនៅខែមិថុនា ។
ការអនុម័តរបស់IFAB អោយមានការពន្យល់ពីអាជ្ញាកណ្តាលត្រូវបានធ្វើឡើងបន្ទាប់ពីមានការសាកល្បងរយៈពេល ១២ ខែនៅក្នុងការប្រកួតផ្សេងៗនៅទូទាំងពិភពលោក។
អាជ្ញាកណ្តាលជាច្រើនរួមទាំងលោក Anthony Taylor បានប្រើប្រព័ន្ធនេះជាលើកដំបូងកាលពី១២ខែមុននៅឯការប្រកួត Club World Cup ក្នុងប្រទេសម៉ារ៉ុក មុនពេលការសាកល្បងត្រូវបានពង្រីកដល់ការប្រកួតបាល់ទាត់ពិភពលោកបុរសយុវជនអាយុក្រោម ២០ ឆ្នាំ និងការប្រកួតបាល់ទាត់ពិភពលោកស្ត្រីកាលពីចុងឆ្នាំ២០២៣។
ជាមួយគ្នានេះដែរ Premier League ទំនងជានឹងណែនាំប្រព័ន្ធមួយ ដែលស្រដៀងនឹងអ្វីដែលធ្លាប់ប្រើក្នុងព្រឹត្តិការណ៍ Women’s World Cup កាលពីឆ្នាំមុននៅប្រទេសអូស្ត្រាលី ដែលអាជ្ញាកណ្តាលបានប្រកាស និងពន្យល់ពីការសម្រេចចិត្តរបស់ពួកគេទៅកាន់ក្រុមអ្នកគាំទ្រសតាមរយៈមីក្រូហ្វូន បន្ទាប់ពីមើលការចាក់សារឡើងវិញជាបន្តបន្ទាប់នៅលើអេក្រង់ ដែលបំពាក់នៅចំហៀងទីលានប្រកួត។
មន្ត្រី Premier League ដែលចូលរួមក្នុងការសាកល្បងនឹងពាក់មីក្រូហ្វូនក្នុងអំឡុងពេលប្រកួតដែលភ្ជាប់ទៅឧបករណ៍បំពងសំឡេងនៅក្នុងកីឡដ្ឋានដើម្បីជូនដំណឹងដល់អ្នកគាំទ្រអំពីការពិនិត្យ VAR ប៉ុន្តែទោះជាយ៉ាងណារបាយការណ៍សន្ទនារវាងអ្នកកាន់កាប់VAR និងអាជ្ញាកណ្តាលក្នុងរយៈពេល៩០នាទី នៅតែអាចរក្សាឯកជនភាពដដែល៕