(Khmer) អតីតគ្រូបង្វឹករបស់បិសាចក្រហម Manchester United លោក Sir Alex Ferguson បានអះអាងថា Tottenham នឹងមិនឈ្នះពានរង្វាន់ Premier League ឡើយ។ នេះបើយោងតាមការចេញផ្សាយរបស់Daily Mail ។
លោកAnge Postecoglou ទទួលបានការសរសើរយ៉ាងខ្លាំងចំពោះការងារ ដែលគាត់បានធ្វើ ចាប់តាំងពីគាត់ត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ Tottenham កាលពីរដូវក្តៅបន្ទាប់ពីចាកចេញពី Celtic ។ Spurs ដែលបានឈរលើកំពូលតារាងកាលពីខែតុលា បច្ចុប្បន្នកំពុងស្ថិតក្នុងចំណាត់ថ្នាក់លេខ៤ ដែលជាចំណាត់ថ្នាក់មួយក្នុងការប្រជែងយកជើងឯក ប៉ុន្តែលោក Ferguson មានអារម្មណ៍ថាពួកគេនឹងមិនឈ្នះពាននោះទេ។
នៅពេលសួរដោយលោក Matt Chapman អ្នកកាន់កម្មវីធីរបស់ទូរទស្សន៍ Sky Sports Racing ថាតើ Tottenham អាចនឹងឈ្នះពានPremier League ដែរឬទេ? លោកFerguson បានសើចមុននឹងឆ្លើយតបថា «ទេ»។ លោកFerguson បានបន្តទៀតថា ឆ្នាំ១៩៦១ គឺជាលើកចុងក្រោយ ដែលពួកគេបានឈ្នះវា។នោះជាពេលវេលាដ៏យូរ។ សម្រាប់រដូវកាលនេះLiverpool និងMan City មានឥទ្ធិពលខ្លាំងនៅក្នុងការឈ្នះពាន Premier League។
នៅពេលត្រូវបានចោទសួរថា តើ Spurs ទំនងជាឈ្នះពានលីគ មុនពេល Man Utd ឈ្នះពានម្តងទៀតដែរឬទេ? គាត់បានឆ្លើយថា “គ្មានឱកាសទេ!” ក្រោមការដឹកនាំរបស់ Erik ten Hag ក្រុម United មានរដូវកាលដ៏លំបាកមួយ ដោយបានចាញ់ ៩ប្រកួតក្នុងចំណោម ២៣ប្រកួតក្នុងលីករបស់ពួកគេ។
Tottenham ឈ្នះពានរង្វាន់លីគចុងក្រោយគឺនៅក្នុងរដូវកាល១៩៦០-៦១ នៅពេលដែលលោក Bill Nicholson កាន់តំណែងជាគ្រូបង្វឹក។ លោក Ferguson បានឈ្នះពានរង្វាន់លីកដ៏អស្ចារ្យចំនួន ១៣ ដងក្នុងនាមជាអ្នកចាត់ការទូទៅរបស់ Man Utd មុនពេលចូលនិវត្តន៍ក្នុងឆ្នាំ២០១៣បន្ទាប់ពីអាជីពដឹកនាំដ៏មានកិត្តិយស៕