(Khmer) យោងតាមប្រភពព័ត៌មានBBC ចេញផ្សាយបានអោយដឹងថា ក្លឹបហង្ស ក្រហម Liverpool អាចប្រឈមមុខនឹងការបញ្ចប់នៃយុគសម័យកាលដ៏រុងរឿងរបស់ខ្លួននៅរដូវក្តៅនេះ ប្រសិនបើតារាឆ្នើមសំខាន់២រូបគឺខ្សែការពារ Virgil van Dijk និង ខ្សែប្រយុទ្ធ Mohamed Salah ជ្រើសរើសដើរតាមអ្នកចាត់ការ Jurgen Klopp ។
លោក Klopp នឹងចុះចេញពីដំណែងនៅចុងបញ្ចប់រដូវកាលនេះ បន្ទាប់ពីកាន់តំណែងរយៈពេលប្រាំបួនឆ្នាំ។ ការប្រកាសចាកចេញរបស់លោកចំពេលដែលក្លឹបកំពុងប្រជែងយកពានចំនួនបួន។ ពួកគេឈរនៅកំពូលតារាង Premier League ប៉ះ Chelsea នៅវគ្គផ្តាច់ព្រ័ត្រ Carabao Cup ហើយនៅតែស្ថិតក្នុង ពានរង្វាន់ FA Cup និង Europa League ។
ប្រធានក្រុម Van Dijk បាននិយាយថា ខ្ញុំមិនដឹងថាតើខ្ញុំនឹងក្លាយជាផ្នែកមួយនៃយុគសម័យថ្មី ឬយ៉ាងណាទេ ខណៈដែលខ្សែប្រយុទ្ធ Salah ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញ។
ជុំវិញនឹងបញ្ហានេះដែរលោក Chris Sutton អតីតខ្សែប្រយុទ្ធក្រុម Blackburn បាននិយាយប្រាប់វិទ្យុBBC Radio 5 Live ថា ការចាកចេញរបស់គ្រូបង្វឹកវាធ្វើអោយកីឡាករមួយចំនួនមានអារម្មណ៍ថាចង់ចាកចេញដែរ។
លោក Sutton បានបន្តនៅក្នុងកម្មវិធី Monday Night Club ថា ពួកគេមានក្រុមស្និទ្ធស្នាលបែបនេះ។ លោកKlopp នៅទីនោះជាច្រើនឆ្នាំមកហើយ។ កីឡាករដែលគាត់បានចុះហត្ថលេខានឹងមានអារម្មណ៍ថាពួកគេជំពាក់គុណគាត់។
Van Dijk, Andy Robertson, Salah មើលទៅដូចជាពួកគេអាចបន្តទៅមុខទៀត។ វាប្រហែលជាចុងបញ្ចប់នៃយុគសម័យមួយ មិនត្រឹមតែសម្រាប់ Klopp ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់កីឡាករមួយចំនួនផងដែរ។
កីឡាករជាច្រើនដែល Klopp នាំយកមកនឹងមានអារម្មណ៍ថាមានចំណងមិត្តភាពជាមួយគាត់ ហើយប្រហែលជាគិតថា វាជាពេលវេលាត្រឹមត្រូវដែលត្រូវចាកចេញ ។
Klopp បានឈ្នះពានរង្វាន់ Champions League, Premier League, FA Cup និង Carabao Cup ជាមួយ Liverpool ដែលមានកីឡាករ Salah វ័យ ៣១ឆ្នាំ និង Van Dijk អាយុ ៣២ ឆ្នាំ ជាផ្នែកមួយនៃជោគជ័យនោះ៕