(Khmer) យោងតាមការវិភាគរបស់បណ្តាញសេវាកម្មពហុជាតិជំនាញផ្នែកផ្តល់ប្រឹក្សា ពិគ្រោះយោបល់ ហិរញ្ញវត្ថុនិងសវនកម្ម( Deloitte) ដែលត្រូវបានBBC ដកស្រង់យកមកចុះផ្សាយកាលពីពុធថ្ងៃទី២៤ ខែមករា ២០២៤ បានឲ្យដឹងថា ក្លឹបស្តេចស Real Madrid បានវ៉ាដាច់ក្លឹបមេឃខៀវ Manchester City ក្លាយជាក្លឹបបាល់ទាត់ដែលរកចំណូលបានច្រើនជាងគេ បំផុតសម្រាប់រដូវកាល២០២២-២៣ ជាមួយនឹងទឹកប្រាក់ជាង ៩០៧,៧៨លានដុល្លារ នាំមុខក្លឹបManchester City ដែលរកចំណូលបាន ៨៩៦,៦៣លានដុល្លារបើទោះបីជាក្លឹបនេះមានកំណត់ត្រា ឈ្នះ ពានបីធំៗដូចជាៈ FA Cup, Premier League និង Champions League ក៏ដោយ។
ប្រាក់ចំណូលរបស់ក្លឹប Real Madrid បានកើនឡើងជាង១២៨លានដុល្លារ បើប្រៀបធៀបនឹងឆ្នាំមុន។ កំណើន១៦ភាគរយរបស់ពួកគេត្រូវបានសន្មតថាបានមកពីការលក់រាយ ចំនួនអ្នកចូលទស្សនាក្នុងពហុកីឡដ្ឋានខ្ពស់ និងការស្ទុះងើបឡើងវិញនៃប្រាក់ចំណូលក្រុមហ៊ុនឧបត្ថម្ភ។
ចំណែកឯ Man City ទោះបីបាត់បង់តំណែងកំពូល តារាងដែលពួកគេបានកាន់កាប់ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះក៏ដោយ ក៏ក្លឹបបានរាយការណ៍ថា ទទួលបានប្រាក់ចំណូលខ្ពស់បំផុតមិនធ្លាប់មានសម្រាប់រដូវកាលនេះ។នេះក៏ដោយសារយុទ្ធនាការឈ្នះពានបីរបស់ពួកគេ ដែលបានជំរុញប្រាក់ចំណូលពីការផ្សាយ និងពាណិជ្ជកម្មរបស់ពួកគេ។
របាយការណ៍ដដែលបានអោយដឹងប្រាក់ចំណូលសម្រាប់ក្លឹបកំពូលទាំង២០បានកើនឡើង ១៤% ដល់កំណត់ត្រាជាង១១ពាន់លានដុល្លារ។ នេះរាប់បញ្ចូលទាំងប្រាក់ចំណូលពាណិជ្ជកម្មចំនួនជាង៥ពាន់លានដុល្លារនិងប្រាក់ចំណូលថ្ងៃប្រកួត ជាង២ពាន់លានដុល្លារផងដែរ។ នៅក្នុងរបាយការណ៍ដដែលនេះដែរអ្វីដែលគួរអោយក្តុកក្តួលចិត្តនោះគឺក្លឹបហង្សក្រហមLiverpool បានធ្លាក់ពីចំណាត់ថ្នាក់លេខ៣មកដល់លេខ៧សម្រាប់រដូវកាលនេះ។
ខាងក្រោមនេះគឺជាចំណាត់ថ្នាក់ក្លឹប១០ផ្សេងទៀតដែលមានប្រាក់ចំណួលខ្ពស់បន្ទាប់ពី Real MadridនិងManchester City ៖
១-ក្លឹបParis SG ឡើងពីលេខ៥មកលេខ៣មានប្រាក់ចំណូលជាង៨៧២លានដុល្លារ។
២-ក្លឹប Barcelona ឡើងពីលេខ៧មកលេខ៤ មានប្រាក់ចំណូលជាង ៨៧០លានដុល្លារ។
៣-ក្លឹបManchester United ធ្លាក់ពីលេខ៤មកលេខ៥ មានប្រាក់ចំណូល៨១០លានដុល្លារ។
៤-ក្លឹបBayern រក្សាចំណាត់ថ្នាក់ដដែលមានប្រាក់ចំណូល៨០៨លានដុល្លារ។
៥-ក្លឹបLiverpool ធ្លាក់ពីលេខ៣មកលេខ៧មានប្រាក់ចំណូលជាង៧៤២លានដុល្លារ។
៦-ក្លឹបTottenhamឡើងពីលេខ៩ មកលេខ៨ មានប្រាក់ចំណូលជាង៦៨៦លានដុល្លារ។