ads
ads
(Khmer) ប្រធាន FIFA អំពាវនាវឱ្យបោះបង់ការប្រកួតដោយស្វ័យប្រវត្តិ
22-January-2024

(Khmer) លោក Gianni Infantino ប្រធាន FIFA បានអំពាវនាវឱ្យបញ្ឈ​ប់ការប្រកួតដោយស្វ័យប្រវត្តិសម្រាប់ក្រុមណាដែលអ្នកគាំទ្របំពានច្បាប់រើសអើងជាតិសាសន៍។ ការអះអាងរបស់លោកបានកើតឡើងបន្ទាប់ពីឧប្បត្តិហេតុគួរឱ្យស្អប់ខ្ពើម២ករណីដែលបានកើតឡើងនៅទីក្រុង Udinese ប្រទេសអ៊ីតាលីនិងនៅ Sheffield ប្រទេសអង់គ្លេសកាលពីរាត្រីថ្ងៃសៅរ៍។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuter កាលពីថ្ងៃអាទិត្យទី ២១មករា ២០២៤។

កីឡាកររបស់ក្លឹប Milan បានដើរចេញពីទីលាន បន្ទាប់ពីអ្នកចាំទីអន្តរជាតិបារាំង Mike Maignanត្រូវបានអ្នកគាំទ្ររបស់ក្លឹបម្ចាស់ផ្ទះUdineseនៅពហុកីឡដ្ឋាន Stadio Friuli ធ្វើសម្លេងសត្វស្វាចំអកឲ្យ។ កីឡាកររបស់ Milan ទីបំផុតបានត្រលប់ចូលទីលានវិញជាមួយនឹងជ័យជំនះ 3-2 ក្នុងម៉ោងបន្ថែម ប៉ុន្តែ លោកInfantino បាននិយាយថា គួរតែមានការពិន័យធ្ងន់ធ្ងរជាងនេះ។

ចំណែកឯកីឡាករKasey Palmer របស់ក្លឹបបាល់ទាត់អង់គ្លេសឆេមពានស៊ីប Coventry បាននិយាយថាគាត់ទទួលរងការរំលោភបំពានស្រដៀងគ្នានៅឯពហុកីឡដ្ឋាន Hillsborough ហើយការទទួលជ័យជម្នះ 2-1 របស់ពួកគេត្រូវបានបញ្ឈប់អស់រយៈពេលជាច្រើននាទី ខណៈពេលដែលមន្រ្តីការប្រកួតបាននិយាយទៅកាន់អ្នកចាត់ការទាំងពីរ។

នៅលើគេហទំព័រផ្លូវការរបស់FIFAលោក Gianni Infantino បានបង្ហោះថានៅក្នុងជំហានទាំង៣(បញ្ឈប់ការប្រកួតលើកទី១ បញ្ឈប់ការប្រកួតលើកទី២ និងការបោះបង់ការប្រកួត) យើងត្រូវយកជំហានទី៣ គឺត្រូវបញ្ឈ​ប់ការប្រកួតដោយស្វ័យប្រវត្តិសម្រាប់ក្រុមដែលអ្នកគាំទ្របានប្រព្រឹត្តការរើសអើងជាតិសាសន៍ និងបណ្តាលឱ្យការប្រកួតត្រូវបានបោះបង់ចោល ក៏ដូចជាការហាមឃាត់មិនអោយចូលក្នុងកីឡដ្ឋានទូទាំងពិភពលោកនិងការចោទប្រកាន់បទឧក្រិដ្ឋរើសអើងពូជសាសន៍។

FIFA និង​បាល់ទាត់​បង្ហាញ​ពី​សាមគ្គីភាព​ពេញលេញ​ចំពោះ​ជនរងគ្រោះ​នៃ​ការ​រើសអើង​ជាតិ​សាសន៍ និង​គ្រប់​ទម្រង់​នៃ​ការ​រើសអើង។សរុបមកគឺគ្មាន​ការ​រើសអើង​ជាតិ​សាសន៍​ទេ ក្នុងវិស័យបាល់ទាត់៕

ads
ads