ads
ads
(Khmer) មិនធម្មតា Benzema ប្ដឹងរដ្ឋមន្ត្រីមហាផ្ទៃបារាំង
18-January-2024

(Khmer) Karim Benzema បានដាក់ពាក្យប្តឹងលោក Gerald Darmanin រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងពីបទបរិហារកេរ្តិ៍ បន្ទាប់ពីរដ្ឋមន្ត្រីរូបនេះបានចោទប្រកាន់គាត់ពីបទមានទំនាក់ទំនងជាមួយអង្គការភេរវករ។

លោកGerald Darmanin បានអះអាងថា Benzema មានទំនាក់ទំនងជាមួយភាតរភាពមូស្លីម(Muslim brotherhood) បន្ទាប់ពីកីឡាករបារាំងបានរិះគន់អំពី ការទម្លាក់គ្រាប់បែកអយុត្តិធម៌របស់អ៊ីស្រាអ៊ែលនៅតំបន់ហ្គាហ្សាកាលពីខែតុលា។

ជាការឆ្លើយតបទៅនឹងការចោទប្រកាន់នេះ កីឡាករវ័យ៣៦ឆ្នាំបានដាក់ពាក្យប្តឹងលោក Darmanin ពីបទកេងប្រវ័ញ្ចនយោបាយ។នេះបើយោងតាមមេធាវីរបស់ Benzema លោក Hugues Vigier ។

នៅក្នុងពាក្យបណ្តឹងរបស់គាត់ដែលត្រូវបានគេផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅក្នុងប្រទេសបារាំង Benzema បានបដិសេធការភ្ជាប់ទំនាក់ទំនងណាមួយទៅកាន់អង្គការខាងលើនេះ។លោក​​បន្ថែម​ថា​៖ខ្ញុំ​ដឹង​ថា ​ខ្ញុំ​ត្រូវ​គេ​ប្រើ​ក្នុង​ល្បែង​នយោបាយ​ដែល​ជា​រឿង​អាស្រូវ​នៅក្នុ្ងងព្រឹត្តិការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​តាំងពី​ថ្ងៃ​ទី ៧ តុលា។

ជុំវិញនឹងការប្តឹងនេះលោកDarmanin មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​នៅ​ឡើយ​ទេ​។កាលពីខែតុលា លោក Darmanin បានប្រាប់សារព័ត៌មានបារាំង RMC ថា ខ្ញុំនឹងមិនដកការចោទប្រកាន់របស់ខ្ញុំទេ លុះត្រាតែបុរសអាយុ៣៥ ឆ្នាំរូបនេះនិយាយអំពីការស្លាប់របស់លោក Dominique Bernard ដែលជាសាស្រ្តាចារ្យត្រូវបានសម្លាប់ដោយភេរវករ Chechen កាលពីដើមខែតុលានៅក្នុងទីក្រុង Arras ។

ហេតុផលរបស់គាត់សម្រាប់ការចោទប្រកាន់ Benzema មានទំនាក់ទំនងជាមួយអង្គការភេរវករ លោកDarmanin បានចង្អុលបង្ហាញថាកីឡាកររូបនេះបាននៅស្ងៀមអំពីកុមារដែលត្រូវបានសម្លាប់និង ការសម្លាប់រង្គាលដោយ ភេរវករអ៊ីស្លាម។

លោកបន្តថា Benzema គឺជាកីឡាករបាល់ទាត់ដ៏អស្ចារ្យម្នាក់ ដែលមានមនុស្សរាប់លាននាក់គាំទ្រ។ ខ្ញុំបានកត់សម្គាល់ឃើញថា គាត់នៅតែមិនទាន់បានបង្ហោះសារអំពីការសម្លាប់សាស្ត្រាចារ្យនៅ Arras នោះទេ។ គាត់ក៏មិនបាននិយាយ អំពីទារកដែលត្រូវបានកាត់ក្បាល ស្ត្រីដែលត្រូវបានចាប់រំលោភ និងការសម្លាប់រង្គាលចំនួន ១៣០០នាក់ដោយពួកភេរវករអ៊ីស្លាមនៅក្នុងប្រទេសអ៊ីស្រាអែល។ទាំងអស់នេះហើយដែលធ្វើអោយខ្ញុំចោទប្រកាន់គាត់។

ភាតរភាពមូស្លីមត្រូវបានចាត់ថ្នាក់ជាអង្គការភេរវករផ្លូវការនៅឆ្នាំ ២០២១បន្ទាប់ពីប្រទេសអូទ្រីសបានហាមឃាត់ក្រុមនេះនៅក្រោមច្បាប់ប្រឆាំងភេរវកម្មថ្មីដែលត្រូវបានអនុម័តដោយសភារបស់ខ្លួននៅក្នុងខែកក្កដា។

វាក៏ត្រូវបានចាត់ទុកថាជាអង្គការភេរវករនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែលខ្សែប្រយុទ្ធBenzemaលេងឱ្យ Al Ittihad រួមជាមួយនឹងប្រទេសចំនួនប្រាំមួយផ្សេងទៀត ដែលមានរាប់បញ្ចូលប្រទេសអូទ្រីសផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមភាតរភាពមូស្លីម មិនត្រូវបានទទួលស្គាល់ថាជាក្រុមភេរវករនៅក្នុងប្រទេសបារាំងនោះទេ៕

ads
ads