(Khmer) ក្នុងចំណោមបេក្ខជនសម្រាំងបីរូបចុងក្រោយសម្រាប់ពានរង្វាន់កីឡាករឆ្នើម២០២៣របស់ FIFA (FIFA Best Men’s Player Award ) មានតែកីឡាករ Kylian Mbappe ម្នាក់ប៉ុណ្ណោះដែលមានវត្តមានផ្ទាល់ក្នុងការត្រៀមទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពប្រសិនបើគាត់ឈ្នះខណៈកីឡាករ Lionel Messi, Erling Haaland ជ្រើសរើសយកការមិនចូលរួមដោយផ្ទាល់ទេ។
តើមូលហេតុអ្វីបានជាកីឡាករទាំងពីរនេះមិនចូលរូម?
ខ្សែប្រយុទ្ធន័រវេសត្រូវបានគេចាត់ទុកថាជាគូប្រជែងដ៏ខ្លាំងសម្រាប់ពានរង្វាន់នៅឆ្នាំនេះ ដោយសារតែគាត់ស៊ុតបញ្ចូលទីបាន ២៨ គ្រាប់និងបានជួយ Manchester City លើកពានចំនួន៣ក្នុងអំឡុងពេលជ្រើសរើសសម្រាប់ពាននេះ។ ទោះបីជាគាត់មានភាគរយខ្ពស់ឈ្នះពាននេះក៏ដោយ ក៏គាត់មិនបានមកចូលរួមទេ។
យោងតាមរបាយការណ៍ថ្មីៗពីទូរទស្សន៍ El Chiringuito TV បានឲ្យដឹងថាប្រសិនបើ Erling Haaland ឈ្នះពាន ឪពុករបស់គាត់ និងជាអតីតកីឡាករបាល់ទាត់អាជីព នឹងទទួលយកពានរង្វាន់ជំនួសកូនប្រុសរបស់គាត់នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ដ៏មានតម្លៃនេះ។ Haaland មិនបានបង្ហាញពីហេតុផលនៅពីក្រោយការសម្រេចចិត្តរបស់គាត់ទេក៏ប៉ុន្តែរបួសកជើងដែលធ្វើឲ្យគាត់អវត្តមានអស់រយៈពេលជាងមួយខែនោះអាចជាមូលហេតុចម្បង។
Erling Haaland ត្រូវបានគេរំពឹងថានឹងត្រលប់មកចូលទីលានប្រកួតវិញកាលពីថ្ងៃសៅរ៍សប្តាហ៍មុនប្រកួតទល់នឹង Newcastle ។ យ៉ាងណាក៏ដោយលោក Pep Guardiolaគ្រូបង្វឹកក្លឹប Manchester City សម្រេចចិត្តមិនដាក់ចូលទេដោយយល់ឃើញថាខ្សែប្រយុទ្ធរូបនេះនៅមិនទាន់នៅមិនទាន់ជាសះស្បើយពេញលេញនៅឡើយទេ។
ចុះMessi វិញ?
យោងតាមលោកGuillem Balague អ្នកកាសែតអេស្ប៉ាញបានបង្ហោះនៅលើបណ្តាញសង្គមថា Lionel Messi មិនបានចូលរួមក្នុងពិធីប្រគល់ពានរង្វាន់កីឡាករល្អបំផុតរបស់ FIFA នៅទីក្រុងឡុងដ៍កាលពីថ្ងៃចន្ទ ដោយសារតែលោកកំពុងរវល់ចូលរួមហ្វឹកហាត់ជាមួយ Inter Miamiនៅទឹកដីអាមេរិក ។
កីឡាករវ័យ ៣៦ ឆ្នាំបានសម្រេចចិត្តមិនធ្វើដំណើរមកទទួលពានរង្វាន់ដោយសារតែពាក់ព័ន្ធទៅនឹងរយៈចម្ងាយនៃការធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍នឹងធ្វើឱ្យលោកខកខានការហ្វឹកហាត់ជិតមួយសប្តាហ៍មុនបើករដូវកាលថ្មី។
ប្រភពខាងលើដដែលបានបន្តថាMessi បានចាប់ផ្តើមហ្វឹកហាត់សម្រាប់ក្លឹប Inter Miami ហើយការធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍មានន័យថាគាត់ត្រូវខាតបង់ពេលវេលា៣-៤ ថ្ងៃ។
Messiត្រូវតែសម្របតាមប្រតិទិនបាល់ទាត់ថ្មីរបស់គាត់។ គាត់មានបញ្ហារាងកាយមួយចំនួនក្នុងឆមាសទីពីរនៃឆ្នាំ២០២៣ ហើយគាត់ចង់ធ្វើការត្រៀមរដូវកាលថ្មីឱ្យបានល្អ៕