(Khmer) សុវត្ថិភាពនៅកន្លែងការងារកំពុងក្លាយជាការព្រួយបារម្ភកាន់តែខ្លាំងឡើងសម្រាប់កីឡាករបាល់ទាត់ ដែលត្រូវប្រឈមមុខនឹងការផ្ទុះឆេះ និងកាំជ្រួចដែលត្រូវគប់ចេញពីកន្លែងអង្គុយមើល ការលុកលុយក្នុងទីលាន និងអ្នកគាំទ្រជេរប្រមាថដោយពាក្យសំដី។នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធកីឡាកបាល់ទាត់អាជីពអន្តរជាតិ(FIFPRO) ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី១១ខែមករា ២០២៤។
សហជីពកីឡាករសកលបាននិយាយថា កីឡាករបាល់ទាត់ជាច្រើនបានត្អូញត្អែរថា ពួកគេជារឿយៗត្រូវទទួលយកការឈ្លានពានដោយស្ងៀមស្ងាត់ ជាជាងនិយាយអំពីវា ព្រោះខ្លាចធ្វើឲ្យប៉ះពាល់ដល់ឱកាសការងាររបស់ពួកគេ។
នៅក្នុងរបាយការណ៍កម្រាស់២៨ ទំព័រដែលមានចំណងជើងថា «ផលប៉ះពាល់នៃអំពើហិង្សាចំពោះកីឡាករបាល់ទាត់នៅកន្លែងធ្វើការរបស់ពួកគេ” កីឡាករម្នាក់បានសម្ភាសន៍ថា៖ «ខ្ញុំមានអារម្មណ៍ថា កីឡាករកំពុងប្រឈមមុខនឹងបញ្ហាជាច្រើនក្នុងកីឡដ្ឋានដែលឈានដល់ចំណុចមួយដែលអ្នកខ្លះគិតថាពួកគេមានសិទ្ធិធ្វើអ្វីតែពួកគេពិតជាមិនអាចធ្វើបាន។
របាយការណ៍នេះគឺផ្អែកលើការសម្ភាសន៍ទៅលើកីឡាករ ការស្ទង់មតិរបស់សហជីពជាតិចំនួន 41 ដែលស្រាវជ្រាវដោយលោកវេជ្ជបណ្ឌិត Joel Rookwood នៃសាកលវិទ្យាល័យ University College Dublin ។ ការរំលោភបំពានអាចមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរជាមួយ ៨៨ភាគរយនៃសហជីពដែលនិយាយថាការគំរាមកំហែងនៃអំពើហិង្សានាំទៅដល់ការលេងមិនល្អដល់កីឡាករហើយ ៨៣ ភាគរយនិយាយថាវារួមចំណែកដល់បញ្ហាសុខភាពផ្លូវចិត្តដូចជាជំងឺធ្លាក់ទឹកចិត្តជាដើម។
៩៨ភាគរយដែលរាយការណ៍ដោយសហជីពបានអោយដឹងថា ពួកគេនឹងស្វាគមន៍ការកើនឡើងនៃការប្រើប្រាស់បច្ចេកវិទ្យា ដូចជាម៉ាស៊ីនស្កេនសុវត្ថិភាព និងការសម្គាល់ផ្ទៃមុខ ដើម្បីចាប់ និងឃាត់ខ្លួនជនល្មើស ខណៈ ៨៨ ភាគរយនិយាយថា ក្លឹបគួរតែត្រូវធ្វើបន្ថែមទៀតដើម្បីហាមឃាត់អ្នកគាំទ្រដែលមានអំពើហិង្សា។
របាយការណ៍បានបន្តថា ក្លឹប លីក និងសហព័ន្ធមានទំនួលខុសត្រូវក្នុងការធានាថា កីឡាករបុគ្គលិក មានបរិយាកាសការងារប្រកបដោយសុវត្ថិភាព ដើម្បីអនុវត្តនៅកម្រិតកំពូលរបស់ពួកគេ។
កាំជ្រួចបង្កការគម្រាមកំហែងខ្លាំងបំផុតចំពោះសុវត្ថិភាពអ្នកលេង ជាពិសេសអ្នករក្សា ដោយសារតែភាពជិតស្និទ្ធរបស់ពួកគេជាមួយអ្នកគាំទ្រ។ ពីរភាគបីនៃសហជីពដែលបានស្ទង់មតិបាននិយាយថាអ្នកគាំទ្រគប់វត្ថុគឺជាកង្វល់មួយដែលកើតឡើងញឹកញាប់បំផុត៕