(Khmer) ក្រុមកាំភ្លើង Arsenal បានប្តឹងទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល PGMOL ទាមទារឲ្យមានការការពារកីឡាករខ្សែប្រយុទ្ធស្លាប Bukayo Sakaដោយសារតែគាត់ស្ថិតក្នុងចំណោមកីឡាករដែលទទួលកំហុសច្រើនបំផុតនៅក្នុង Premier League។នេះបើយោងតាមការចេញផ្សាយរបស់Goal.Comកាលពីថ្ងៃព្រហស្បតិ៍ទី៤ មករាឆ្នាំ២០២៤។ រយៈពេលកន្លងមកគ្រូបង្វឹកក្រុម Arsenal លោក Mikel Arteta បានអំពាវនាវឱ្យការពារ Saka ។ លោកបាននិយាយតាំងពីខែវិច្ឆិកាឆ្នាំ 2022 ថា អ្នកលេងកាន់តែល្អ គោលដៅកាន់តែធំ ដោយសារតែមនុស្សព្យាយាម និងស្វែងរកវិធីដើម្បីបញ្ឈប់គាត់។
ក្លឹបកាំភ្លើងធំមិនសប្បាយចិត្តនឹងការធ្វើបាបដល់ Saka ក្នុងរដូវកាលនេះ ហើយបាននិយាយទៅកាន់ស្ថាប័នអាជ្ញាកណ្តាលដើម្បីឲ្យបានដឹងពីការមិនសប្បាយចិត្តរបស់ខ្លួន។ ក្រុមរបស់លោក Mikel Arteta ក៏បានអំពាវនាវឱ្យមានការការពារកាន់តែច្រើនសម្រាប់កីឡាករអន្តរជាតិអង់គ្លេស ដែលពួកគេជឿថាត្រូវបានតម្រង់គោលដៅសម្រាប់ការប្រព្រឹត្តដ៏ឃោឃៅមួយចំនួនដោយខ្សែការពាររបស់គូប្រជែង។ Arsenal ចង់ឲ្យអាជ្ញាកណ្តាលដាក់កំហុសលើកីឡាករដែលបានប៉ះទង្គិចលើកីឡាករSaka សម្រាប់កំហុសខ្លាំងដំបូងដោយមិនចាំបាច់រង់ចាំឧប្បត្តិហេតុទីពីរមុនពេលឈានដល់លើកកាតលឿងនោះទេ។
Saka គឺជាកីឡាករដែលមានកំហុសច្រើនជាងគេទី 3 នៅ Premier League ក្នុងឆ្នាំ 2023 តាមពីក្រោយតែកីឡាករ Jordan Ayew និង Bruno Guimaraes ហើយជាកីឡាករដែលទទួលកំហុសចំនួន 87 លើក។ ឆន្ទៈរបស់គាត់ក្នុងការរត់ជាមួយបាល់គេចពីខ្សែការពារមានន័យថាគាត់ត្រូវបានតម្រង់គោលដៅដោយខ្សែការពារដែលឥឡូវនេះមានការកើនឡើងទ្វេដងលើកីឡាករអន្តរជាតិអង់គ្លេស។ Arsenal បានពឹងផ្អែកលើការស៊ុតបាល់បញ្ចូលទី និង assists របស់ Saka ប៉ុន្តែទម្រង់លេងរបស់គាត់បានធ្លាក់ចុះនាពេលថ្មីៗនេះ ។គាត់បានស៊ុតបញ្ចូលទីបានតែម្តងគត់ក្នុងការប្រកួត ៦ លើកចុងក្រោយ៕