(Khmer) Jadon Sancho គឺជាជម្រើសដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់រូបភាពកីឡាករក្នុងខែមករា បើទោះជាគាត់ប្រហែលជាមិនមែនជាកីឡាកររបស់Manchester United តទៅទៀតទេនៅចុងខែនេះ។
ខ្សែបម្រើស្លាបអង់គ្លេសដែលមានតម្លៃខ្លួនជាង៩២លានដុល្លារនៅពេលដែលគាត់បានចុះហត្ថលេខានៅឆ្នាំ ២០២១ប៉ុន្តែមិនបានធ្វើឱ្យមានការចាប់អារម្មណ៍ច្រើននៅពហុកីឡដ្ឋាន Old Trafford ត្រូវបានលោក Erik ten Hag បញ្ជូនឱ្យទៅហ្វឹកហាត់ជាមួយសាលាបាល់ទាត់។
ការភ្ញាក់ផ្អើលនេះបានកើតឡើងបន្ទាប់ពីកីឡាករ Sancho បានបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមដោយចោទប្រកាន់គ្រូបង្វឹកលោក Ten Hag ថានិយាយកុហកលើកម្រិតនៃការលេងរបស់លោកក្នុងការហ្វឹកហាត់ បន្ទាប់ពីគាត់ត្រូវបានទម្លាក់ចេញពីក្រុមសម្រាប់ការបរាជ័យជាមួយក្លឹប Arsenal កាលពីថ្ងៃទី ៣ ខែកញ្ញា។
Sancho បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមរបស់គាត់ថាខ្ញុំនឹងមិនអនុញ្ញាតឱ្យមនុស្សនិយាយអ្វីដែលមិនពិតទាំងស្រុងនោះទេ ខ្ញុំបានដឹកនាំខ្លួនឯងយ៉ាងល្អក្នុងការហ្វឹកហាត់ក្នុងសប្តាហ៍នេះ… ខ្ញុំបានក្លាយជាបុគ្គលដែរត្រូវបានគេស្តីបន្ទោសជាយូរមកហើយ។ វាមិនយុត្តិធម៌ទេសម្រាប់ខ្ញុំ។ កាលពីថ្ងៃទី១៤ខែកញ្ញា United បានប្រកាសថា Sancho នឹងហ្វឹកហាត់នៅឆ្ងាយពីក្រុមឈុតធំដែលត្រូវរង់ចាំដំណោះស្រាយបញ្ហាវិន័យក្រុមជាមុនសិន ។
កីឡាករវ័យ ២៣ ឆ្នាំរូបនេះមិនបានចូលលេងតាំងពីពេលនោះមក ហើយវាបានលេចចេញថាគាត់កំពុងហ្វឹកហាត់ និងញ៉ាំអាហារនៅក្នុងកន្លែងហ្វឹកហាត់នៅឯទីលានហ្វឹកហាត់ Carrington របស់ United ដែលនៅឆ្ងាយពីក្រុមឈុតធំឬជម្រើសដំបូង។
ជាមួយនឹងការរំពឹងទុកដ៏តិចតួចនៃការស្តារទំនាក់ទំនងជាមួយលោក Ten Hag Unitedឡើងវិញនោះ ក្លឹបManchester United ទំនងជាបើកផ្លូវឲ្យSancho ចាកចេញរកទ្រនំថ្មីស្របពេលជាមួយនឹងការបើកទីផ្សារដោះដូរកីឡាករក្នុងខែនេះ។
Sancho ដែលនៅតែទទួលបានតម្លៃពលកម្មជាង៤២ម៉ឺនដុល្លារ ក្នុងមួយសប្តាហ៍ជាមួយក្លឹប United បានចូលរួមជប់លៀងជាមួយអ្នករាំ និងអ្នករចនាក្បាច់រាំដ៏ល្បីគឺនាង Cocainna កាលពីសប្តាហ៍មុន។
ប្រតិទិនផ្លូវការរបស់ United ដែលត្រូវបានចុះតម្លៃបន្ថយរួចហើយពីជាង១៣ដុល្លារ មកត្រឹមជាង៨ ដុល្លារនៅលើហាងអនឡាញរបស់ក្លឹបក៏មានខ្សែការពារ Raphael Varane (ឧសភា) និង Aaron Wan-Bissaka (ខែកញ្ញា) ផងដែរ។ កីឡាករទាំងពីរអាចពិភាក្សាជាមួយក្លឹបនៅក្រៅប្រទេសចាប់ពីថ្ងៃទី១ខែមករា ជាមួយនឹងទិដ្ឋភាពនៃការផ្ទេរនៅរដូវក្តៅនៅពេលដែលកិច្ចសន្យារបស់ពួកគេផុតកំណត់៕