(Khmer) គ្រូបង្វឹកសញ្ជាតិអង់គ្លេសលោក Stephen Constantine ដែលទើបតែទទួលបានតួនាទីគ្រូបង្វឹកជម្រើសជាតិប៉ាគីស្ថាន បានបង្ហាញផលវិបាកមួយចំនួនក្នុងការរៀបចំក្រុមឈុតធំប៉ាគីស្ថានអំឡុងពេលវគ្គជម្រុះ FIFA World Cup ឆ្នាំ 2026 ទល់នឹងកម្ពុជានៅប៉ុន្មានថ្ងៃខាងមុខនេះ។
លោក Stephen Constantine មិនទាន់បានប្រមូលផ្ដុំកីឡាករហ្វឹកហាត់បានពេញលេញអស់រយៈពេល 4 ឬ 5 ថ្ងៃមកហើយ។ លោកថា ស្ថានភាពពិបាកសម្រាប់លោកគឺការប្រមូលផ្ដុំកីឡាករ និងបង្វឹកពួកគេពីទស្សនៈដឹកនាំរបស់គាត់។ ថ្វីត្បិតតែដឹងពីឧបសគ្គបែបនេះក៏ដោយ លោក Stephen ដែលជាអតីតគ្រូបង្វឹកឥណ្ឌា បាននិយាយថាប៉ាគីស្ថាននឹងក្លាយជាអង្គភាពផ្សេងមួយទៀត នៅក្នុងវគ្គជម្រុះជាមួយកម្ពុជា។
Stephen បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ «ខ្ញុំមិនអាចទស្សន៍ទាយថានឹងមានអ្វីកើតឡើងនៅក្នុងការប្រកួតខាងមុខនេះ ប៉ុន្តែខ្ញុំគិតថាអាកប្បកិរិយារបស់កីឡាករ និងឆន្ទៈក្នុងការលេងរបស់ពួកគេគឺពិសេស។ អ្នកនឹងឃើញក្រុមប៉ាគីស្ថានខុសគ្នាទាំងក្នុងការប្រកួតនៅកម្ពុជា និងនៅទីក្រុងអ៊ីស្លាម៉ាបាដ។ ខ្ញុំមិនដឹងថាតើយើងឈ្នះទាំងពីរប្រកួត ឬយើងមានលក្ខណៈគ្រប់គ្រាន់ទេ ប៉ុន្តែអ្នកនឹងឃើញកីឡាករលេងអ្វីដែលយើងចង់ឱ្យពួកគេលេង ហើយនោះប្រាកដណាស់» ។
អតីតគ្រូបង្វឹកជម្រើសជាតិឥណ្ឌារូបនេះបន្តថា៖ «ខ្ញុំមានបញ្ជីការប្រកួតរបស់កីឡាករ ៤ ៥នាក់លេងនៅក្រៅប្រទេស។ ក្នុងចំណោមកីឡាករក្នុងស្រុកខ្លះមានអាយុក្រោម២៣ឆ្នាំ ហើយពួកគេមានការប្រកួតកាលពីពេលថ្មីៗនេះ ហើយខ្ញុំមានមនុស្សគ្រប់គ្រាន់ក្នុងការជួយខ្ញុំក្នុងលក្ខខណ្ឌនៃការជ្រើសរើស។ យើងមានគ្រូបង្វឹកអ្នកចាំទីដែលនឹងសម្រេចចិត្តលើអ្នកចាំទី។ ខ្ញុំគិតថាវាមិនល្អទេ ប៉ុន្តែនេះជាស្ថានភាពដែលយើងមាន។ ខ្ញុំចង់មានពេលវេលាមួយខែ ឬប្រាំមួយសប្ដាហ៍ ប៉ុន្តែយើងអត់មានពេលដល់ថ្នាក់ហ្នឹងទេ»។
នៅពេលសួរអំពីភាពខុសគ្នារវាងប៉ាគីស្ថាន និងឥណ្ឌា ចំពោះវិស័យបាល់ទាត់វិញលោកបាននិយាយថា ទេពកោសល្យកីឡាករនៅក្នុងប្រទេសប៉ាគីស្ថានមិនត្រូវបានអភិវឌ្ឍទេ។
«យើងមិនមានលីគអាជីពនៅក្នុងប្រទេសប៉ាគីស្ថាន ដែលជាបញ្ហាចម្បងដែលជាបញ្ហាដ៏ធំបំផុតដែលខ្ញុំត្រូវនិយាយនៅពេលនេះ» ។
ប៉ាគីស្ថាន នឹងធ្វើដំណើរមកកម្ពុជាសម្រាប់ជើងទី១ ដែលនឹងធ្វើឡើងនៅថ្ងៃទី១២ ខែតុលា មុននឹងទទួលស្វាគមន៍កម្ពុជា ក្នុងការប្រកួតជើងទី២ នៅកីឡដ្ឋាន Jinnah ក្នុងទីក្រុង Islamabad នៅថ្ងៃទី១៧ ខែតុលា។